ហូជីមិញ៖ ដំណើរដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាចំនួន 100នាក់ នៅក្នុងក្បួនព្យុហយាត្រាយោធានៅវៀតណាម ក្នុងការប្រារព្ធខួបលើកទី80ឆ្នាំនៃការប្រកាសឯករាជ្យរបស់ខ្លួនពីការគ្រប់គ្រងអាណានិគមនៅថ្ងៃអង្គារទី 2 ខែកញ្ញា ជាមួយនឹងការដង្ហែក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អង្គភាពយោធាទាំងនោះមានមកពីប្រទេសចិន រុស្ស៊ី ឡាវ និងកម្ពុជា បានចូលរួមពិធីនេះជាមួយក្បួនកងទ័ពវៀតណាមនៅទីលាន Ba Dinh ក្នុងទីក្រុងហាណូយ។ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានីហាណូយ ដើម្បីបង្ហាញពីស្មារតី ជាតិនិយមរបស់ពួកគេ។
នៅក្នុងពិធីដ៏អធិកអធមខាងលើនេះ វៀតណាមបានបង្ហាញអាវុធទំនើបៗរបស់ខ្លួនក្នុងនោះរួមមានរថក្រោះ មីស៊ីល ឧទ្ធម្ភាគចក្រ នាវាមុជទឹក និងយន្ដហោះចម្បាំង ដាក់ដង្ហែទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក នៅក្នុងក្បួនព្យុហយាត្រា អមដោយកងទ័ពរាប់ពាន់នាក់របស់ប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួម។
.jpg)
ក្នុងនោះកងទ័ពកម្ពុជាជាង100នាក់ បានដើរក្បួនព្យុហយាត្រា ក្នុងដំណើរដ៏អង់អាចក្លាហាន មានរបៀបរៀបរយ ជ្រោងទង់ជាតិកម្ពុជាក្នុងទឹកមុខដ៏មុតមាំ បង្ហាញឡើងនៅចំពោះមុខមនុស្សរាប់មុឺន រួមមានទាំងអន្តរជាតិ នៅកណ្ដាលទីលានបាឌិញក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
គួរជម្រាបថា កងទ័ពរបស់កម្ពុជា គឺស្ថិតក្នុងចំណោមកងទ័ពដែលមកពីប្រទេសផ្សេងៗទៀតដូចជាឡាវ រុស្ស៊ី ចិន ដែលវៀតណាមបានអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយសក្នុងក្បួនព្យុហយាត្រាដ៏ធំមិនធ្លាប់មានមួយនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៅថ្ងៃទី2 ខែកញ្ញា គឺជាគំរប់ខួបថ្ងៃអតីតមេដឹកនាំបដិវត្តន៍វៀតណាម លោក ហូ ជីមិញ បានប្រកាសជាប្រវត្តិសាស្ត្រពីឯករាជ្យរបស់វៀតណាម ក្រោយស្ថិតក្រោមអាណានិគមបារាំងជិតមួយស.វ និងស្ថិត ក្រោមការគ្រប់គ្រងរបស់ជប៉ុនមួយរយៈពេលខ្លី អំឡុងសង្រ្គាមលោកលើកទី2៕











