ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃបានសម្រេចដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាផ្លូវការ ដោយសារតុលាការរកឃើញថា លោកស្រីមានពិរុទ្ធពីបទល្មើសរដ្ឋធម្មនុញ្ញអំឡុងពេលកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបង្ហាញពីភាពទន់ខ្សោយនយោបាយក្នុងប្រទេសថៃរបស់លោកស្រី ។ នៅថ្ងៃដដែល គណបក្សប្រជាជន ជាគណបក្សប្រឆាំងបានបង្ហាញគោលជំហរពុំចូលរួមជាមួយរដ្ឋាភិបាល និងស្នើនូវលក្ខខណ្ឌ៣ចំណុច ។
លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនបានប្រកាសគោលជំហររបស់ខ្លួន ក្រោយពីតុលាការធម្មនុញ្ញសម្រេចដកលោកស្រី ផេថងថាន ចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយលោកបញ្ជាក់ថា ទោះជាគណបក្សប្រជាជនធ្លាប់អំពាវនាវឱ្យលោកស្រី ផេថងថាន រំលាយសភាដើម្បីប្រគល់អំណាចឱ្យពលរដ្ឋកន្លងមក ប៉ុន្តែពេលការកាត់ក្តីរបស់តុលាការបញ្ចប់ និងមានចន្លោះប្រហោងនយោបាយ គណបក្សប្រជាជនសូមផ្តល់ដំណោះស្រាយឱ្យជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី រំលាយ និងរៀបចំការបោះឆ្នោតជាថ្មីយ៉ាងឆាប់រហ័ស ពីព្រោះសមាសភាពសភាតំណាងរាស្ត្របច្ចុប្បន្នពុំអាចបង្កើតរដ្ឋាភិបាលមានស្ថិរភាព និងស្របច្បាប់ ។
លោក ណាថាផុង បន្តថា សមាជិកសភាគណបក្សប្រឆាំងបានត្រៀមខ្លួនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីតាមលក្ខខណ្ឌ៣ចំណុច រួមមាន ៖
១-នាយករដ្ឋមន្ត្រីថ្មីត្រូវតែរំលាយសភាក្នុងរយៈពេល៤ខែ ក្រោយចេញសេចក្តីថ្លែងការណ៍គោលនយោបាយ
២-គណៈរដ្ឋមន្ត្រីត្រូវរៀបចំការធ្វើប្រជាមតិដើម្បីព្រាងរដ្ឋធម្មនុញ្ញថ្មីដោយសភាធម្មនុញ្ញជាប់ឆ្នោត
៣-គណបក្សប្រជាជននឹងមិនចូលរួមបង្កើតរដ្ឋាភិបាល និងមិនទទួលយកតំណែងរដ្ឋមន្ត្រីណាមួយឡើយ គឺគណបក្សនឹងធ្វើការក្នុងឋានៈជាគណបក្សប្រឆាំងដើម្បីត្រួតពិនិត្យការងាររបស់រដ្ឋាភិបាលថ្មីបន្តទៀត ។.png)
គណបក្សប្រជាជនច្រានចោលព័ត៌មានដែលផ្សាយថា គណបក្សបានព្រមព្រៀងជាមួយគណបក្សភូមិចៃថៃដើម្បីផ្តល់តំណែងរដ្ឋមន្ត្រីចំនួន៨រូប ប៉ុន្តែគណបក្សប្រជាជនត្រៀមខ្លួនបំបែកភាពជាប់គាំងនយោបាយតាមរយៈដំណើរការសភាដើម្បីឱ្យមានការបោះឆ្នោតជាថ្មីឆាប់ៗ ។ គណបក្សប្រជាជននឹងពុំបញ្ជូនសមាជិកគណបក្ស ឬអ្នកតំណាងគណបក្សទៅចូលរួមជាមួយរដ្ឋាភិបាលទេ ។ ហេតុនេះ ព័ត៌មានដែលផ្សាយថា គណបក្សប្រជាជនព្រមព្រៀងជាមួយគណបក្សភូមិចៃថៃ គឺពុំពិតឡើយ ។.png)
គួរបញ្ជាក់ថា ក្រោយពីលោកស្រី ផេងថងថាន ធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រី ពេលនេះ ប្រទេសថៃបានត្រៀមបេក្ខជននាយករដ្ឋមន្ត្រីចំនួន៥រូប ដែលនឹងប្រកួតប្រជែងកាន់តំណែងជានាយករដ្ឋមន្ត្រី ទី៣២ រួមមាន ៖
១-លោក ឆ័យក្សេម និទិសិរិ គណបក្សភឿថៃ
២-លោក អនុថីន ឆាន់វីៈគូន គណបក្សភូមិចៃថៃ
៣-លោក ប្រាយុទ្ធ ចាន់អូចា គណបក្សរួមថៃសាងឆាត
៤-លោក ផីរៈផាន់ សាលីរ៉ាត់វិផាក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល និង
៥-លោក ជុរីន ឡាក់សាណៈវិស៊ីត សមាជិកសភា
គណបក្សកាន់អំណាចភឿថៃបច្ចុប្បន្ន ប្រកាសជំរុញលោក ឆ័យក្សេម និទិសិរិ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីបន្តពីលោកស្រី ផេថងថាន ប៉ុន្តែគណបក្សនយោបាយនានាបានគាំទ្រឱ្យលោក អនុថីន ឆាន់វីៈគូន កាន់តំណែងជានាយកដ្ឋមន្ត្រីថៃ ទី៣២ ។ 
លោក អនុថីន និយាយថា លោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីយូរហើយ ដោយលោកប្រកាសពីគោលជំហរភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង និងចរចាស្វែងរកសន្តិភាពនៅព្រំដែនកម្ពុជា-ថៃ ។ លោកនឹងពុំបណ្តោយឱ្យប្រទេសថៃបន្តមានជម្លោះជាមួយប្រទេសជិតខាងទៀតទេ មេដឹកនាំរដ្ឋាភិបាលមុនពុំអាចដោះស្រាយបញ្ហាបច្ចុប្បន្ន ប៉ុន្តែបើលោកកាន់តំណែងនាយករដ្ឋមន្ត្រី លោកនឹងដោះស្រាយជម្លោះព្រំដែនឱ្យបាន ។ លក្ខខណ្ឌការដោះស្រាយបញ្ហា គឺស្វែងរកសន្តិភាព ចរចាភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាងដែលកំពុងមានជម្លោះ ៕










