ប្រទេសវៀតណាម ៖ តាមការព្យាកររបស់មជ្ឈមណ្ឌលជលសាស្ត្រ និងឧតុនិយមវៀតណាមឱ្យដឹងថា ភាគខាងជើង និងកណ្តាលប្រទេសវៀតណាមនឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ហើយតំបន់ខ្លះនឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងដោយសារខ្យល់ព្យុះ Depression និងខ្យល់មូសុង ខណៈមុននេះ វៀតណាមបានរងផលប៉ះពាល់ដោយសារខ្យល់ព្យុះកាជិគិ (Kajiki) ។
.png)
ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅតំបន់ដីសណ្តភាគខាងជើង និងកណ្តាលរបស់វៀតណាម រួមទាំងទីក្រុងដាណាងផងដែរ ខណៈតំបន់ខ្លះទៀតមានភ្លៀងធ្លាក់ខ្លាំងជាងនេះ ។ ខេត្តថែងវ៉ា និងទីក្រុងវ៉េ ដែលស្ថិតនៅភាគកណ្តាលប្រទេស រួមទាំងតំបន់មួយចំនួន ក៏មានភ្លៀងធ្លាក់ខ្លាំងដូចគ្នា ។.png)
មជ្ឈមណ្ឌលជលសាស្ត្រ និងឧតុនិយមវៀតណាមសន្និដ្ឋានថា ភ្លៀងនឹងធ្លាក់ខ្លាំងរហូតដល់ថ្ងៃទី៣១ ខែសីហា ជាពិសេស នៅភាគខាងជើង កណ្តាល និងទីក្រុងដាណាង ។ មន្ត្រីអាកាសធាតុវៀតណាមបានជូនដំណឹងដល់ពលរដ្ឋពីទឹកជំនន់ភ្លាមៗ ការបាក់ដីនៅតំបន់ភ្នំ និងទឹកលិចតំបន់ទំនាប ។
ខ្យល់ព្យុះ Depression បានបម្លាស់ទីនៅសមុទ្រចិន វាមានកម្លាំងកាន់តែខ្លាំង និងវាយប្រហារមកលើឆ្នេរសមុទ្រខេត្តភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែសីហា ។ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា កន្លងមក ខ្យល់ព្យុះកាជិគិបានបោកបក់មកលើសមុទ្រវៀតណាមផ្នែកខាងកើត ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ជាច្រើនរបស់ភាគខាងជើង និងកណ្តាលប្រទេស ។
រហូតមកដល់ថ្ងៃទី២៧ ខែសីហា ទឹកជំនន់នៅខេត្តថែងវ៉ា នៅតែពុំទាន់ស្រក ដែលបណ្តាលឱ្យលំនៅឋានពលរដ្ឋវៀតណាមរាប់រយខ្នងលិចទឹក ។ អាជ្ញាធរវៀតណាមបានតាមដានស្ថានការណ៍អាកាសធាតុយ៉ាងដិតដល់ និងសំណូមពរទៅកាន់ពលរដ្ឋដែលរស់នៅតំបន់រងផលប៉ះពាល់ត្រូវប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ៕










