(ប្រទេសថៃ)៖ ប្រសាសន៍ទាយទុកមុនរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីខែមិថុនាដែលថា នៅបីខែបន្ទាប់ប្រទេសថៃនឹងមានការផ្លាស់ប្ដូរនាយករដ្ឋមន្រ្តី ពេលនេះកំពុងក្លាយជាការពិតជាបណ្ដើរៗ ធ្វើឲ្យពលរដ្ឋថៃភ្ញាក់ផ្អើលជាខ្លាំង ខណៈមានមនុស្សជាច្រើនទទួលស្គាល់ថា សម្ដេចពិតជាដឹងពីនយោបាយថៃច្រើនមែន។
នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីតុលាការធម្មនុញ្ញថៃសម្រេចបណ្ដេញលោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្រ្តី នៅក្នុងសង្គមប្រទេសថៃពលរដ្ឋនាំគ្នាចាប់អារម្មណ៍នឹងរឿងមួយទៀត នោះគឺពាក្យសំដីរបស់សម្ដេចតេជោកាលពីបីខែមុន ដែលលោកបានលើកឡើងដូចបានដឹងមុនថា «នៅបីខែបន្ទាប់ប្រទេសថៃនឹងមាននាយករដ្ឋមន្រ្តីថ្មី»។
រំលឹកដល់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសំណេរមួយថា៖ រឿងនេះយើងអាចវាយតម្លៃបាន ថាថៃកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺនៅពេលដែលសម្ដេចបានបញ្ជាក់ថា៖ «តាមការស្មានរបស់ខ្ញុំថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយ ខ្ញុំក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់»
ប្រសាសន៍ព្យាករណ៍កាលពីបីខែមុន ហើយបានក្លាយជាការពិតនៅពេលនេះរបស់សម្ដេចតេជោ បានជំរុញឲ្យប្រជាជនថៃមានមន្ទិលសង្ស័យបន្ថែមទៀត នោះគឺតើបេក្ខភាពដែលនឹងឡើងជានាយករដ្ឋមន្រ្តីថៃបន្ទាប់គឺជានរណា? ហើយហេតុអ្វីបានជាប្រធានព្រឹទ្ធសភាកម្ពុជាជាអ្នកដឹងពីផ្ទៃថៃទៅវិញ?
បន្ថែមពីលើនេះ ប្រជាជនកម្ពុជាក៏កំពុងតែរង់ចាំមើលផងដែរ ជាពិសេសទាក់ទងនឹងបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងជាច្រើនដែលនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីស្ដីទីថៃបានសម្រេចរួមគ្នាកន្លងមក ខ្លាចក្រែងមានការប្រែក្រឡាសវិញ ដោយសារតែស្ថានភាពនៅក្នុងប្រទេសថៃមានការប្រែប្រួលលឿនខ្លាំងពេក៕










