ថៃតែងតែនិយាយបំភ្លៃប្រាប់អន្តរជាតិថា ខ្លួនចង់បានសន្តិភាព ចង់បញ្ចប់សង្គ្រាម ដោះស្រាយបញ្ហាដោយសន្តិវិធី និងចរចាតាមរយៈការទូតជាមួយកម្ពុជា និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងប្រើប្រាស់កម្លាំងពលរដ្ឋដាក់សម្ពាធមកលើខ្លួន ដូចហេតុការណ៍កើតឡើងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ថ្មីៗនេះ ថៃបាននិយាយកុហកស៊ុយអែតពីមូលហេតុធ្វើឱ្យមានជម្លោះព្រំដែនជាមួយកម្ពុជា និងលាបពណ៌កម្ពុជាដោយឥតអៀនខ្មាស់ ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែតពេលធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ អំពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ គឺចាប់ផ្តើមពីថៃចាញ់ក្តីប្រាសាទព្រះវិហារ និងការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃព្យួរតំណែង ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទើបធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ។ លោកបានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីលើទឹកដីខ្លួន ថែមទាំងចោទកម្ពុជាធ្វើសង្គ្រាមព័ត៌មាន និងប្រើប្រាស់កម្លាំងពលរដ្ឋដាក់សម្ពាធថៃនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ក្នុងជំនួបជាមួយអ្នកស្រី Maria Malmer Stenergard រដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត លោក ម៉ារីស សាងៀមផុង និយាយថា ជម្លោះព្រំដែនកម្ពុជា-ថៃកើតឡើងដោយសារថៃចាញ់ក្តីប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិ និងបន្សល់ទុកការឈឺចាប់ក្នុងសង្គមថៃរហូតមក ខណៈការចរចាដោះស្រាយជម្លោះទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានកម្ពុជាបដិសេធ ។

លោកបន្តថា ស្ថានការណ៍ជម្លោះកាន់តែអាក្រក់ខ្លាំងក្រោយការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីព្យួរតំណែង ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ហើយថៃពុំអាចទទួលយកនូវទង្វើរបស់លោកស្រី ផេថងថាន ធ្វើឱ្យប៉ះពាល់ទំនាក់ទំនងអន្តរជាតិ ។ លោកនិយាយបំភ្លៃប្រាប់រដ្ឋមន្ត្រីការបរទេសស៊ុយអែតថា កងទ័ពកម្ពុជាបង្កប់មីនថ្មីប្រឆាំងមនុស្ស ខណៈថៃចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ស្មោះត្រង់ បែរជាកម្ពុជាប្រើប្រាស់កម្លាំងកងទ័ព ។
លោកនិយាយបំភ្លៃទៀតថា ថៃប្រើវិធានការការទូតយ៉ាងសន្តិវិធីរហូតមក និងបិទព្រំដែនជាមួយកម្ពុជាដើម្បីការពារអធិបតេយ្យ ពីព្រោះថៃស្រឡាញ់សន្តិភាពដូចស៊ុយអែតដែរ ។ ការអនុវត្តវិធានការផ្សេងៗរបស់ថៃ គឺស្របតាមច្បាប់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ថៃគោរពបទឈប់បាញ់ ដែលមានម៉ាឡេស៊ីជាប្រធានអាស៊ាន និងមានការសង្កេតការណ៍ពីមហាអំណាចអាមេរិក និងមហាអំណាចចិន ។ លោកចោទប្រកាន់ថា បច្ចុប្បន្ន កម្ពុជាបានធ្វើសង្គ្រាមព័ត៌មានជាមួយថៃកាន់តែខ្លាំង និងប្រើប្រាស់កម្លាំងពលរដ្ឋដាក់សម្ពាធ ។
រដ្ឋមន្ត្រីការបរទេសស៊ុយអែតជឿតាមពាក្យសម្តីកុហកទាំងអស់របស់លោក និងគាំទ្រថៃ ។ លោកនិយាយកុហកទៀតថា កងទ័ពថៃរាយបន្លាលួសនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺគ្មានគោលបំណងបែងចែងព្រំដែនទេ ប៉ុន្តែដើម្បីការពារកុំឱ្យកម្ពុជាល្មើសកិច្ចព្រមព្រៀងឈប់បាញ់ និងល្មើសអនុសញ្ញាអូតាវ៉ា ចូលមកបង្កប់មីនថ្មីនៅទឹកដីថៃបន្តទៀត ហើយសង្ឃឹមថា រដ្ឋាភិបាលស៊ុយអែតនឹងជឿជាក់តាមពាក្យសម្តីកុហកទាំងនេះ ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសថៃ ។
ថៃព្យាយាមនិយាយបំភ្លៃការពិត និងកុហកប្រាប់ស៊ុយអែតបែបនេះ ដើម្បីឱ្យស៊ុយអែតជឿជាក់ថា ថៃជាប្រទេសល្អ គោរពបទឈប់បាញ់ ចង់បានសន្តិភាពតាមរយៈការចរចាការទូត ពុំឈ្លានពានប្រទេសជិតខាង ។ បើថៃមិននិយាយប្រឌិតបែបនេះ ស៊ុយអែតនឹងពុំលក់យន្តហោះចម្បាំងឱ្យថៃឡើយ ហើយស៊ុយអែតថែមទាំងប្រាប់ថា ថៃមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់យន្តហោះចម្បាំង Gripen ដើម្បីការពារខ្លួនជាមួយប្រទេសជិតខាងដែលគ្មានយន្តហោះចម្បាំង ។
គួរបញ្ជាក់ថា ថៃទើបតែមានឱកាសប្រើប្រាស់យន្តហោះចម្បាំង F-16 ជាលើកទី១ជាមួយកម្ពុជា ហើយថៃមានមោទនភាពណាស់ដែលបានសាកល្បងសមត្ថភាពយន្តហោះចម្បាំងលើទឹកដីកម្ពុជា ។ ថៃព្យាយាមប្រាប់ទៅអន្តរជាតិថា ប្រទេសខ្លួនរងគ្រោះ និងរងការរំលោ.ភបំពាន ខណៈសារព័ត៌មានថៃផ្សាយព័ត៌មានក្លែងក្លាយពីកម្ពុជាជានិច្ច ៕










