ប្រទេសថៃ ៖ មេបញ្ជាការយោធភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាកក្លាង ដែលល្បីល្បាញខាងបង្កសង្គ្រាមឈ្លានពានកម្ពុជា បាននិយាយក្តែងៗទៅកាន់និស្សិតនៅសាកលវិទ្យាល័យថា សង្គ្រាមអាចនឹងកើតឡើងម្តងទៀតជាមួយកម្ពុជា ហើយលោកចរចាដោយសន្តិវិធីក៏បាន ពុំចាំបាច់ចរចាក៏បានដែរ ពីព្រោះកងទ័ពថៃបានត្រៀមខ្លួនរួចហើយ ។ ការលើកឡើងបែបនេះ ស្របពេលកម្ពុជាមានជំនួបចរចាជាមួយថៃជាបន្តបន្ទាប់ដើម្បីស្វែងរកសន្តិភាព និងឱ្យស្ថានការណ៍ព្រំដែនត្រឡប់មកប្រក្រតីវិញ ប៉ុន្តែថៃនៅតែមានគំនិតឈ្លានពានមិនឈប់ឈរ ។
តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ថៃ បាននិយាយពីសង្គ្រាមអាចកើតឡើងម្តងទៀតអាស្រ័យលើទង្វើរបស់កងទ័ពកម្ពុជានៅព្រំដែន បើកងទ័ពកម្ពុជាចាប់ផ្តើមបង្កហេតុមុន ថៃនឹងតបតរវិញ ។ ក្រៅពីនេះ លោកស្នើឱ្យភាគីថៃដែលចរចាជាមួយកម្ពុជា ត្រូវតែដើរឱ្យទាន់នយោបាយ និងគិតពីផលប្រយោជន៍ជាតិ ។

កាលពីថ្ងៃទី២៥ ខែសីហា លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បានទៅចូលរួមពិធីជួបជុំបុគ្គលិក និងនិស្សិតសាកលវិទ្យាល័យ Kasetsart ហើយពេលបញ្ចប់កម្មវិធី លោកក៏បានសន្ទនាពិសេសពីប្រធានបទ «រឿងពិតពីព្រំដែន» និងឆ្លើយតបសំណួររបស់និស្សិត ។ លោកថា ព្រំដែនកម្ពុជា-ថៃ គឺជាបញ្ហាទឹកដី បច្ចុប្បន្ន ភាគីទាំងសងខាងគិតថា ជាទឹកដីរបស់ខ្លួន បើប្រទេសទាំងពីរពុំអាចជជែកគ្នាបានទេ នឹងឈានទៅមានជម្លោះប្រើប្រាស់អាវុធ ។
លោកនិយាយថា រដ្ឋាភិបាលថៃបានចរចាជាមួយកម្ពុជា រីឯកងទ័ពត្រៀមខ្លួនចរចា ឬមិនចរចាក៏បាន ។ លោកចរចាជាមួយមេបញ្ជាការកងទ័ពកម្ពុជា ប៉ុន្តែចុងក្រោយ លោកពុំអាចសម្រេចចិត្តអ្វីបាន បើកើតសង្គ្រាម គឺនឹងមានផលប៉ះពាល់ដល់ប្រទេសទាំងសេដ្ឋកិច្ច និងសង្គម ។ បើបាត់បង់ផលប្រយោជន៍ ថៃនឹងពុំចរចា ថៃត្រូវតែដើរឱ្យទាន់នយោបាយ និងគិតពីផលប្រយោជន៍ជាតិ ដូចជា ៖ កម្ពុជានឹងយកបញ្ហាប្រាសាទទាំង៣ និងតំបន់១ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺថៃនឹងពុំទទួលស្គាល់ ។
ថៃមានព្រំដែនជាប់ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ប៉ុន្តែថៃពុំមានជម្លោះព្រំដែនជាមួយប្រទេសទាំង៣ ទេ ថៃមានជម្លោះព្រំដែនតែជាមួយកម្ពុជា ។ លោកអន់ចិត្តនឹងពលរដ្ឋថៃដែលសួរសំណួរថា តើប្រទេសថៃមានកងទ័ពសម្រាប់ធ្វើអ្វី? បើប្រទេសគ្មានសង្គ្រាម គឺកងទ័ពបានជួយសង្គ្រោះពលរដ្ឋ មិនថាជួយពេលទឹកជំនន់ អគ្គិភ័យ បង្ក្រាបថ្នាំញៀន ហើយកងទ័ពបានជួយអភិវឌ្ឍន៍ប្រទេសពេលបញ្ចប់សង្គ្រាម និងពុំគិតពីផលប្រយោជន៍ ។
ចុងក្រោយ លោកបាននិយាយពីសង្គ្រាមអាចកើតឡើងម្តងទៀតអាស្រ័យលើទង្វើរបស់កងទ័ពកម្ពុជានៅព្រំដែន ។ បើកងទ័ពកម្ពុជាចាប់ផ្តើម ឬបង្កហេតុមុន ថៃនឹងប្រើប្រាស់សិទ្ធិតបតរវិញ លោកនឹងបំពេញតួនាទីឱ្យល្អបំផុតរហូតដល់ពេលចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខ ។
លោក ប៊ុនស៊ីន ផាកក្លាង ទទួលបានការគាំទ្រពីពលរដ្ឋថៃយ៉ាងខ្លាំងតាំងពីលោកធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងកុហកពលរដ្ឋថៃថា កម្ពុជាបង្កសង្គ្រាមមុន ថៃគ្រាន់តែប្រើប្រាស់សិទ្ធិការពារខ្លួន ។ ពលរដ្ឋថៃគាំទ្រឱ្យលោកបំពេញភារកិច្ចបន្តទៀត កុំទាន់ចូលនិវត្តន៍ ប៉ុន្តែត្រូវបានលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបដិសេធ ដោយសារខុសពីប្រព័ន្ធការងារមន្ត្រីរាជការថៃ ។
លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយពេលកន្លងមកថា ព្រះមហាក្សត្រថៃយកចិត្តទុកដាក់ខ្លាំងលើសភាពការណ៍ព្រំដែនជាមួយកម្ពុជា ហើយគ្រប់សភាពការណ៍ទាំងអស់កងទ័ពត្រូវតែរាយការណ៍ឱ្យព្រះអង្គជ្រាប ។ ហេតុនេះ សង្គ្រាមរវាងកម្ពុជា-ថៃកើតឡើងដោយសារព្រះមហាក្សត្រថៃចេញមុខ ដែលព្រះអង្គមានរឿងអាស្រូវជាច្រើនមុនពេលឡើងគ្រងរាជ្យ ៕










