ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានច្រានចោលព័ត៌មានថា រដ្ឋាភិបាលថៃកោះប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជា គឺរដ្ឋាភិបាលថៃគ្មានការកោះហៅរដ្ឋសភាប្រជុំប្រកាសសង្គ្រាមអ្វីឡើយ នេះជាព័ត៌មានក្លែងក្លាយមានចេតនាបង្កាច់បង្ខូចថៃ រដ្ឋាភិបាលថៃប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។

នៅថ្ងៃទី២២ ខែសីហា លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និយាយថា តាមការផ្សព្វផ្សាយវីដេអូក្នុងហ្វេសប៊ុកផេកនៅកម្ពុជា ដែលដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រទេសថៃបានប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជា គឺរដ្ឋាភិបាលថៃសូមបញ្ជាក់ថា ពុំមែនជាការពិតទេ នេះជាការប៉ុនប៉ងដោយចេតនាដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងចង់ឱ្យពលរដ្ឋខ្មែរ ក៏ដូចជាអន្តរជាតិយល់ខុស ។

ប្រទេសថៃគ្មានការប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយប្រទេសណា ឬជាមួយកម្ពុជា ហើយថៃគ្មានសកម្មភាពណាមួយឈានទៅរកសង្គ្រាមទេ ។ រដ្ឋសភាថៃប្រជុំតាមធម្មតា គឺសមាជិកព្រឹទ្ធសភាតែងតែប្រជុំនៅរៀងរាល់ថ្ងៃច័ន្ទ និងអង្គារ រីឯសភាតំណាងរាស្ត្រប្រជុំនៅថ្ងៃពុធ និងព្រហស្បតិ៍ រៀងរាល់សប្តាហ៍ ។ រីឯការលើកឡើងថា ថៃពុំត្រូវការសន្តិភាព ឬនឹងវាយប្រហារកម្ពុជានោះ គឺថៃចាត់ទុកជាការលាបពណ៌ និងអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

លោក ជិរ៉ាយុ បន្តថា ថៃប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីគ្រប់ផ្នែក និងដោះស្រាយបញ្ហាព្រំដែនប្រកបដោយការស្ថាបនា ។ ថៃត្រៀមខ្លួនសហការចូលរួមគ្រប់កិច្ចប្រជុំទ្វេភាគី រួមទាំងជំរុញឱ្យមានការបោះសម្អាតមីននៅព្រំដែនជាបន្តបន្ទាប់ ហើយថៃសង្ឃឹមកម្ពុជានឹងចូលរួមពិភាក្សាដោយស្មោះត្រង់ផងដែរ ។ ថៃចាត់ទុកការផ្សព្វផ្សាយព័ត៌មាននាពេលបច្ចុប្បន្ន គឺមានបំណងធ្វើឱ្យស្ថានការណ៍តានតឹងក្នុងការឆ្ពោះទៅរកសន្តិភាពរវាងកម្ពុជា-ថៃ និងក្នុងតំបន់ ។

រដ្ឋាភិបាលថៃបានសុំការសហការពីពលរដ្ឋកុំជឿព័ត៌មាន ឬចែកចាយព័ត៌មានក្លែងក្លាយ បើឃើញព័ត៌មានណាគួរឱ្យសង្ស័យ សូមត្រួតពិនិត្យជាមួយស្ថាប័នរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ មុននឹងចែកចាយបន្ត ពីព្រោះព័ត៌មានក្លែងក្លាយនឹងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ។ ថៃប្រកាន់យកសន្តិវិធី និងសហការរក្សាសន្តិភាពក្នុងតំបន់ ស្ថាប័នរដ្ឋាភិបាលបានពិនិត្យព័ត៌មានជាបន្តបន្ទាប់ និងចាត់វិធានការតាមច្បាប់លើបុគ្គលជាច្រើនកន្លងមក ដែលមានចេតនាបង្កើតព័ត៌មានក្លែងក្លាយ និងចែកចាយបន្តជាច្រើន ។ នេះបើតាមការអះអាងរបស់លោក ជិរ៉ាយុ ៕