ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon ឱ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ គណបក្សភូមិចៃថៃបានចេញសេចក្កីថ្លែងការណ៍អំពាវនាវឱ្យគណបក្សនយោបាយទាំងអស់គាំទ្រការលុបចោលកិច្ចព្រមព្រៀង (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដើម្បីកុំឱ្យប៉ះពាល់ដល់ព្រំដែនថៃ ។ នាថ្ងៃអនាគត ថៃនៅតែអាចចរចាទ្វេភាគីជាមួយកម្ពុជា បើទោះជាគ្មានកិច្ចព្រមព្រៀងទាំង២ច្បាប់ក្តី ។

កាលពីថ្ងៃទី២១ ខែសីហា គណបក្សភូមិចៃថៃបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដែលមានខ្លឹមសារថា ដោយសារអសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការប៉ះទង្គិចគ្នាកន្លងមក ធ្វើឱ្យពលរដ្ឋថៃលើកឡើងពីការលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០០១ ជាមួយកម្ពុជាកាន់តែច្រើន ។ ភាគីថៃបានចោទប្រកាន់កម្ពុជាល្មើសកិច្ចព្រមព្រៀង MOU រហូតដល់ជាង៦០០លើក ។

ទោះជាពេលនេះ សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សភូមិចៃថៃបានចូលរួមថែទាំពលរដ្ឋភៀសសឹកនៅជម្រកបណ្តោះអាសន្នក្នុង៤ខេត្ត រួមមាន ៖ ខេត្តបុរីរាំ សុរិន្ទ ស៊ីសាកេត និងឧប៊ុនរ៉ាជថានី ប៉ុន្តែគណបក្សភូមិចៃថៃបានតាមដានរឿងកិច្ចព្រមព្រៀងនេះរហូតមក ។ មតិយល់ស្របឱ្យលុបចោលកិច្ចព្រមទាំង២ច្បាប់ គឺបានលើកឡើងពីផលប៉ះពាល់នៅព្រំដែន ហើយចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យថៃ ខណៈមតិពុំយល់ស្របផ្តល់ហេតុផលថា ចាំបាច់ត្រូវរក្សាទុកកិច្ចព្រមព្រៀងនេះសម្រាប់ចរចាជាមួយកម្ពុជា ។

កិច្ចព្រមព្រៀងឆ្នាំ២០០០ គឺជាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតបង្គោលព្រំដែនគោក គឺជាតំបន់ដែលកម្ពុជា-ថៃនៅមានជម្លោះពុំទាន់ដាច់ស្រេច ។ រីឯកិច្ចព្រមព្រៀងឆ្នាំ២០០១ ពាក់ព័ន្ធនឹងការបែងចែកដែនសមុទ្រដែលសម្បូរដោយភោគទ្រព្យធម្មជាតិយ៉ាងច្រើន ជាពិសេស ឧស្ម័នធម្មជាតិ ។

គណបក្សភូមិចៃថៃយល់ថា ប្រសិនបើលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ នាថ្ងៃអនាគត ក៏កម្ពុជា-ថៃនៅតែចរចាទ្វេភាគីបាន ។ ដូច្នេះ ស្ថានការណ៍បច្ចុប្បន្ន សមស្របបំផុតដែលសភាតំណាងរាស្ត្រថៃគួរពិចារណាពីការលុបចោលកិច្ចព្រមព្រៀងទាំង២ច្បាប់នេះ ។

គណបក្សភូមិចៃថៃបានដាក់សំណើបន្ទាន់មួយទៅសភាតំណាងរាស្ត្រឱ្យបង្កើតគណៈកម្មការសិក្សាពីការលុបកិច្ចព្រមព្រៀងឱ្យមានផលប៉ះពាល់តិចតួចបំផុត ។ ពេលគណៈកម្មការនេះពិចារណាពីទិន្នន័យគ្រប់ជ្រុងជ្រោយរួចហើយសម្រាប់បង្ហាញសាធារណជន ចុងក្រោយ គួរស្តាប់សំឡេងពលរដ្ឋក្នុងការធ្វើប្រជាមតិដើម្បីតម្លាភាព និងមានការទទួលស្គាល់ពីពលរដ្ឋនៅទូទាំងប្រទេស ។

ហេតុនេះ គណបក្សភូមិចៃថៃសូមអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់គាំទ្រការលុបចោលកិច្ចព្រមព្រៀងទាំង២ច្បាប់ ដើម្បីដោះស្រាយបញ្ហាសន្តិសុខនៅព្រំដែនកម្ពុជា-ថៃ ពីព្រោះគណបក្សនយោបាយត្រូវសាមគ្គីគ្នាការពារជាតិ និងដោះស្រាយបញ្ហាជាតិ ៕