(ភ្នំពេញ)៖ សម្ដេចតេជោហ៊ុន សែន ស្នើឲ្យពលរដ្ឋគិតគូរឲ្យបានដិតដល់រឿងពហិការឈប់គាំទ្រក្រុមហ៊ុន កូកា-កូឡា ដោយសារក្រុមហ៊ុននេះបានផ្ដាច់កុងត្រាជាមួយ វណ្ណដា។ សម្ដេចបញ្ជាក់ថា ចលនាពហិការដែលខ្វះការពិចារណា អាចនាំឲ្យកម្ពុជាយើងខ្លួនឯងជាអ្នកខាតបង់សេដ្ខកិច្ច ដ្បិតក្រុមហ៊ុននេះជារបស់អាមេរិក តែមានរោងចក្រផលិតនៅកម្ពុជា មានបុគ្គលិកធ្វើការជាជនជាតិខ្មែរ ដូច្នេះប្រយ័ត្នចា.ញ់ល្បិចសត្រូវ ព្រោះការខាតបង់និងភាពទន់ខ្សោយរបស់យើង គឺជាអ្វីដែលគេចង់ឃើញ។
នៅយប់ថ្ងៃទី17 ខែសីហា ឆ្នាំ2025 សម្ដេចតេជោបានបញ្ចេញសំណេរមួយនៅលើទំព័រហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋខ្មែរ ប្រមូលគ្នាឈប់ផឹកផលិតផលរបស់ក្រុមហ៊ុនកូកា កូឡា បន្ទាប់ពីទទួលបានព័ត៌មានថា ក្រុមហ៊ុននេះបានបញ្ចប់កុងត្រាជាមួយ វណ្ណដា ក្នុងនាមជាទូតសុឆន្ទៈ ដោយសារ វណ្ណដា បានបង្ហាញពីស្មារតីការពារជាតិនៅលើបណ្ដាញសង្គម។ ឆ្លើយតបទៅនឹងការប្រកាសបែបនេះរបស់ពលរដ្ឋខ្មែរ សម្ដេចតេជោបានមានប្រសាសន៍ថា៖ សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។ ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយវណ្ណដាដោយសារវណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា? បន្ទាប់មកយើងត្រូវដឹងថា ទោះជាកូកាជាផលិតផលអាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការនិងទទួលផល។ការបង់ពន្ធក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចបានបញ្ជាក់ថា៖ សិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះកម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែតឈប់លក់ប្រេងតែយើងបានម្ចាស់ការកាត់ផ្តាច់ និងឈប់ទិញជាមុនដើម្បីកុំឲ្យគេគំរាមយើងបានទៀត។ ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើបានតែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចបានសង្កត់ធ្ងន់ថា៖ ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។ សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ។
ជាងនេះទៅទៀត សម្ដេចតេជោបានផ្ដាំផ្ញើជាពិសេសទៅកាន់វណ្ណដាថា៖ ពុកសង្ឃឹមថាវណ្ណដានឹងយល់ ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយ កូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។ វណ្ណដាតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ៕










