ប្រទេសថៃ ៖ លោក ឆ័យឆាណុក ឈិតឆប សមាជិកសភាខេត្តបុរីរាំ និងជាអគ្គលេខាធិការគណបក្សភូមិចៃថៃ បានស្នើរដ្ឋាភិបាលរបស់ខ្លួនលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយសារលោកយល់ថា កិច្ចព្រមព្រៀងនេះគ្មានផលប្រយោជន៍សម្រាប់ថៃ និងបារម្ភពីទំនាស់ផលប្រយោជន៍ ។ អ្នកនយោបាយរូបនេះសំណូមពរឱ្យរដ្ឋាភិបាលស្តាប់សំឡេងពលរដ្ឋ ព្រមទាំងជំរុញធ្វើប្រជាមតិដើម្បីតម្លាភាព និងមានការទទួលយកពីពលរដ្ឋនៅទូទាំងប្រទេស ។
សារព័ត៌មានថៃ Daily News រាយការណ៍ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ឆ័យឆាណុក ឈិតឆប សមាជិកសភាខេត្តបុរីរាំ និងជាអគ្គលេខាធិការគណបក្សភូមិចៃថៃ បានស្នើរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដោយប្រាប់មូលហេតុថា ស្ថានការណ៍បច្ចុប្បន្ន គ្មានផលប្រយោជន៍សម្រាប់ថៃ និងមានទំនាស់ផលប្រយោជន៍ ។
ការរក្សាទុកកិច្ចព្រមព្រៀងនេះអាចធ្វើឱ្យមានបញ្ហាជម្លោះទឹកដីនាថ្ងៃអនាគត ហើយគណបក្សភូមិចៃថៃបានតាមដានកិច្ចព្រមព្រៀងនេះយ៉ាងដិតដល់ ។ លោក ឆ័យឆាណុក យល់ថា កិច្ចព្រមព្រៀងទាំង២ច្បាប់នឹងប៉ះពាល់ព្រំដែន ដោយលោកចោទប្រកាន់ថា ថៃកំពុងរងការល្មើសព្រំដែន ខណៈមតិខ្លះចង់រក្សាទុកកិច្ចព្រមព្រៀងព្រោះយល់ថា ចាំបាច់សម្រាប់ការចរចារវាងជាមួយកម្ពុជា ។ ប៉ុន្តែសម្រាប់លោកវិញ បើគ្មានកិច្ចព្រមព្រៀងនេះ កម្ពុជា-ថៃនៅតែអាចចរចាទ្វេភាគីបាន ។
លោកបន្តថា កិច្ចព្រមព្រៀងឆ្នាំ២០០០ គឺជាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតបង្គោលព្រំដែនគោកដែលជាតំបន់ជម្លោះរវាងកម្ពុជា-ថៃ ។ រីឯកិច្ចព្រមព្រៀងឆ្នាំ២០០១ គឺពាក់ព័ន្ធនឹងការបែងចែកដែនសមុទ្រដែលសម្បូរធនធាន ជាពិសេស ឧស្ម័នធម្មជាតិ ដូច្នេះ នេះជាពេលវេលាសមស្របបំផុតដែលរដ្ឋាភិបាលថៃគួរលុបចោលកិច្ចព្រមព្រៀងទាំង២ច្បាប់ ។ លោកចោទប្រកាន់ថា កម្ពុជាពុំគោរពច្បាប់ និងបំពានកិច្ចព្រមព្រៀងជាច្រើនលើក ហើយមានតែថៃទេដែលគោរព ។
បច្ចុប្បន្ន មានបញ្ហាពុំទុកចិត្តរដ្ឋាភិបាលថៃ និងបញ្ហាកិច្ចព្រមព្រៀងទាំង២ច្បាប់ ដែលពុំផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ ។ ហេតុនេះ លោកចង់ឱ្យបង្កើតគណៈកម្មការពិចារណាការពិត និងរកដំណោះស្រាយសមស្រប ។ បើចាំបាច់ ថៃគួរធ្វើកិច្ចព្រមព្រៀងថ្មីច្បាស់លាស់ជាងមុន ហើយរដ្ឋាភិបាលគួរស្តាប់សំឡេងពលរដ្ឋ ខណៈលោកស្នើឱ្យធ្វើប្រជាមតិរឿងនេះដើម្បីតម្លាភាព និងមានការទទួលយកពីពលរដ្ឋនៅទូទាំងប្រទេស ។ នេះបើតាមការលើកឡើងរបស់អ្នកនយោបាយថៃ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់ ក៏បានស្នើឱ្យរដ្ឋាភិបាលថៃលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ដែរ ដោយសារបារម្ភខ្លាចថៃបាត់បង់ទឹកដី និងដែនទឹកនៅកោះគុត ពីព្រោះមានអតីតអ្នកនយោបាយថៃចុះហត្ថលេខាទទួលស្គាល់ផែនទីដែលខុសគ្នាពីផែនទីថៃ ។
អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ពិយៈ តាវិឆៃ បាននិយាយពីគោលជំហររបស់គណបក្សចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ស្ថានការណ៍ពេលនេះ ប្រទេសថៃចាំបាច់ត្រូវសាមគ្គីគ្នា និងរក្សាទឹកដី ។ គណបក្សផ្លាំងប្រាឆារ៉ាត់គាំទ្រការលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ពីព្រោះកិច្ចព្រមព្រៀងនេះធ្វើឱ្យថៃបាត់បង់ទឹកដីបន្ថែម ។
លោកថា មានអតីតអ្នកនយោបាយថៃបានចុះហត្ថលេខាលើឯកសារទទួលស្គាល់ផែនទី ដែលខុសគ្នាពីផែនទីរបស់ថៃប្រើប្រាស់បច្ចុប្បន្ន ។ បើថៃនៅតែទទួលស្គាល់កិច្ចព្រមព្រៀងទាំង២ច្បាប់ ថៃនឹងបាត់បង់ទឹកដី លើកទី១៦ ។ ក្រៅពីនេះ កិច្ចព្រមព្រៀងឆ្នាំ២០០១ នឹងធ្វើឱ្យថៃប្រឈមការបាត់បង់ដែនទឹកនៅកោះគុត និងបាត់បង់ដែនទឹកមួយផ្នែកក្នុងឈូងសមុទ្រថៃ ៕










