(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ពីបញ្ហាដែលទាហានថៃតែងដើរល្បាតហើយជាន់មីនកន្លងមកថា វាជាទំនួលខុសត្រូវរបស់ថៃខ្លួនឯងនោះទេ ព្រោះថៃបានដឹងហើយថាតំបន់ណាជាតំបន់មានមីន តែថៃនៅតែឲ្យទាហានរបស់ខ្លួនដើរល្បាតនៅទីនោះដោយបំពានទើបចេះតែជាន់មីនដូច្នេះ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និង សហប្រតិបត្តិការនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី13 ខែសីហា នេះបានឲ្យដឹងថា តំបន់ដែលទាហានថៃបានដើរល្បាតហើយជាន់មីននោះ ត្រូវបានចុះបញ្ជីដោយអន្តរជាតិថាជាចំការមីនដែលនៅសល់តាំងជម្លោះផ្ទៃក្នុងកម្ពុជាទស្សវត្សឆ្នាំ១៩៧០ និង១៩៨០មកម្លេះ។ ជាពិសេស ចំពោះតំបន់ដែលទាហានថៃបានជាន់មីននោះទៀតសោត គឺស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិតាមរយៈអនុសញ្ញាបារាំង-សៀម តាំងពីឆ្នាំ១៩០៤ និងឆ្នាំ១៩០៧មកម្ល៉េះ។
លើសពីនេះ សេចក្ដីថ្លែងការណ៍ខាងលើក៏បានគូសបញ្ជាក់ដែរថា ឧប្បត្តិហេតុផ្ទុះមីននេះ ពិតជាមិនអាចកើតឡើងបានឡើយប្រសិនបើយោធាថៃមិនចល័តកម្លាំង និងធ្វើប្រតិបត្តិការក្នុងតំបន់ដែលមានការដឹងឮហើយថាជាតំបន់មីន ដោយបំពានលើកំណត់ហេតុកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី7 ខែសីហា ឆ្នាំ2025 ដែលបានបញ្ជាក់ជាថ្មីអំពីការហាមឃាត់មិនឲ្យមានការធ្វើចលនាកម្លាំង ឬដើរល្បាតហួសពីទីតាំងបច្ចុប្បន្នរបស់ខ្លួន។

ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ជាថ្មីថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅតែប្រកាន់ខ្ជាប់ខ្ជួនបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដី រួមទាំងប្ដេជ្ញាថានឹងមិនប្រើមីនថ្មីជាដាច់ខាត។ ដូច្នេះការចោទប្រកាន់ម្តងហើយម្តងទៀតថា កម្ពុជាបានរំលោភលើចំណងកាតព្វកិច្ចនៃសន្ធិសញ្ញា ដោយបានធ្វើការដាក់គ្រាប់មីនថ្មី គឺ ជាការមិនពិត និងជាការប៉ុនប៉ងបង្កើនភាពតានតឹង៕










