ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The States Times នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយពីមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បង្ហោះហ្វេសប៊ុកសុំប្រាក់ពលរដ្ឋជួយបរិច្ចាគទិញបន្លាលួសឱ្យកងទ័ពជាបន្ទាន់សម្រាប់បំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ ។ លោកថា បើកងទ័ពខ្វះខាតឧបករណ៍ចាំបាច់ផ្សេងៗ សូមប្រាប់មេបញ្ជាការកងទ័ពតាមត្រង់ ពុំចាំបាច់បង្ហោះហ្វេសប៊ុកសុំប្រាក់ពីពលរដ្ឋទេ ពីព្រោះរដ្ឋាភិបាលមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្តល់ឱ្យ ។
កងទ័ពភូមិភាគ២ថៃ បានបង្ហោះហ្វេសប៊ុកសុំប្រាក់ពីពលរដ្ឋជួយបរិច្ចាគទិញបន្លាលួសឱ្យកងទ័ពជាបន្ទាន់ដើម្បីកាត់បន្ថយហានិភ័យដល់អាយុជីវិត ផ្តល់សុវត្ថិភាពដល់កងទ័ពពេលបំពេញភារកិច្ច និងការពារអធិបតេយ្យនៅព្រំដែនកម្ពុជា-ថៃ ។ កងទ័ពភូមិភាគ២ សូមការសហការពីពលរដ្ឋជួយគាំទ្រ និងបង្ហាញកម្លាំងសាមគ្គី ដោយពលរដ្ឋអាចផ្ញើប្រាក់សម្រាប់ទិញបន្លាលួសមកកាន់ផ្នែកកិច្ចការស៊ីវិល និងកងកម្លាំងស៊ុណារីដោយផ្ទាល់ ។
កងទ័ពភូមិភាគ២បញ្ជាក់ថា បន្លាលួសមានអង្កត់ផ្ចិតទំហំ១០០សង់ទីម៉ែត្រ គឺកងទ័ពពិបាកស្វែងរកណាស់នៅក្នុងតំបន់ ហើយកងទ័ពក៏ប្រើប្រាស់បន្លាលួសមានអង្កត់ផ្ចិតទំហំ៩០សង់ទីម៉ែត្រជំនួស ។ កងទ័ពភូមិភាគ២ សូមអរគុណការគាំទ្រពីពលរដ្ឋ និងសន្យាបំពេញតួនាទីអស់ពីសមត្ថភាពដើម្បីសុវត្ថិភាពប្រទេសជាតិ និងសន្តិសុខពលរដ្ឋគ្រប់រូប ។
បន្ទាប់មក លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីបានស្នើទៅមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ឈប់សុំប្រាក់ពីពលរដ្ឋជួយទិញបន្លាលួស និងឱ្យកងទ័ពមកសុំប្រាក់ទិញបន្លាលួសពីរដ្ឋាភិបាលវិញ ពីព្រោះរដ្ឋាភិបាលមានប្រាក់គ្រប់គ្រាន់ ។
ដោយឡែក ករណីកងទ័ព និងទាហានឈុតខ្មៅថៃជាន់មីននៅព្រំដែនកម្ពុជា-ថៃ លោក ភូមិថាំ និយាយថា ក្រសួងការបរទេសត្រៀមដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ហើយលោកចោទប្រកាន់ថា ពាក្យបណ្តឹងនេះជាការដោះស្រាយបញ្ហាកម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ។ លោកចោទទៀតថា កម្ពុជាមានចេតនាពុំចង់បានសន្តិភាពក្នុងតំបន់ ហេតុនេះ កងទ័ព និងរដ្ឋាភិបាលថៃនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយស្ថានការណ៍ និងជូនដំណឹងទៅពលរដ្ឋជាបន្តបន្ទាប់ ។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីស្តីទីក៏បាននិយាយពីពលរដ្ឋថៃរស់នៅព្រំដែនព្រួយបារម្ភពីស្ថានការណ៍ និងជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ ដោយលោកសុំឱ្យពលរដ្ឋមានទំនុកចិត្តលើរដ្ឋាភិបាលអាចផ្តល់ការថែទាំសុវត្ថិភាព ។ ក្រៅពីនេះ លោកអំពាវនាវឱ្យសារព័ត៌មានថៃផ្សព្វផ្សាយតែព័ត៌មានពិតប្រាកដ កុំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យពលរដ្ឋភ័យស្លន់ស្លោហួសហេតុ ៕










