(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំស្ដីពីការហាមឃា.ត់សកម្មភាពជក់បារី ផ្សព្វផ្សាយ និងលក់ផលិតផលថ្នាំជក់នៅតំបន់ផ្លូវថ្មើជើងចតុមុខជាដាច់ខាត។ វិធានការនេះ គឺជាការចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសនៅរាជធានីភ្នំពេញ។
យោងតាមសេចក្ដីណែនាំដែលចេញនៅថ្ងៃទី 12 ខែសីហា ឆ្នាំ2025 បានបញ្ជាក់ថា៖ ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចតទៅ ៖
១. ហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង ។
២. ត្រូវបិទសញ្ញាហាមជក់បារី នៅកន្លែងដែលហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី ឱ្យមើលឃើញ ច្បាស់ និងមានចំនួនគ្រប់គ្រាន់ស្របតាមទីតាំងជាក់ស្តែង។
៣. ហាមផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ គ្រប់ទម្រង់។
៤. ហាមប្រើប្រាស់ ចែកចាយ ជួញដូរ ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់គ្រប់ប្រភេទ គ្រប់ទីកន្លែងនៃ បរិវេណផ្លូវថ្មើរជើងចតុមុខ មានជាអាទិ៍ បារីអេឡិចត្រូនិច (E-Cigarettes) ឬ វេប (VAPE) ផលិតផល អេច ធី ភី (HTP) និងស៊ីហ្សា (Shisha) ជាដើម។
៥. គ្រប់បណ្តាមន្ទីរ-អង្គភាព រដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់ភោជនីយដ្ឋាន ហាងទំនិញ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ និងចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦. សូមម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្ត សេចក្តីណែនាំនេះ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយនឹងការចេញសេចក្តីណែនាំខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលសង្កាត់ ត្រូវ យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕










