អង្គភាព CMAC បានបញ្ជាក់ថា ក្រោយសង្រ្គា.មរយៈពេល5ថ្ងៃ យោធាថៃបានបន្សល់ទុកនូវកូនគ្រាប់បែ.កចង្កោ.មជាច្រើនរួមមាននៅតាមដើមឈើ លើដំបូលផ្ទះ លើដី ឬក្នុងដី និងក្នុងទឹកជាដើម ដែលគ្រាប់ទាំងនោះមានហានិភ័យខ្ពស់ណាស់ អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបានគ្រប់ពេលវេលា។ ដូចនេះសូមពលរដ្ឋភៀសសឹកដែលបានវិលទៅលំនៅដ្ឋានវិញទាំងឡាយមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈអង្គភាពសុីម៉ាក់នឹងដុតដៃដុតជើងចុះស្រាវជ្រាវ ហ៊ុព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូន។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចំនួន៥៦គ្រាប់។
ឯកឧត្តម បានបន្តថា៖ កូនគ្រាប់បែកចង្កោមដែលបា.ញ់ហើយមិនផ្ទុះទាំងនោះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា ហើយពួកវាអាចកំពុងស្ថិតនៅលើដើមឈើ លើដំបូលផ្ទះ លើដី ឬក្នុងដី និងក្នុងទឹកជាដើម។ ជាមួយគ្នានេះ កម្លាំងអង្គភាព CMAC ក៏បានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។
អគ្គនាយកស៊ីម៉ាក់រូបនេះបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ ដែលមាននៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។
ទន្ទឹមនឹងនេះ ឯកឧត្តម ហេង រតនា បានណែនាំឱ្យទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ក្នុងករណីឃើញ ឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីឲ្យពួកគាត់ជួយដោះស្រាយជូន៕










