ប្រទេសថៃ ៖ សារព័ត៌មានថៃ The Structure រាយការណ៍កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ថា នៅថ្ងៃទី១៣-១៤ ខែសីហា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ នឹងប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិពិចារណាបិទមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសារមើលឃើញស្ថានការណ៍បច្ចុប្បន្នស្ងប់ស្ងាត់ អ្វីៗគ្រប់យ៉ាងត្រឡប់មកសភាពប្រក្រតីឡើងវិញ ។ លោកថា ពេលនេះ មានតែការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅប្រទេសថៃ ក្នុងគោលបំណងបង្កើតភាពវឹកវរពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។
កាលពីថ្ងៃទី១១ ខែសីហា សារព័ត៌មានថៃបានសាកសួរទៅលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា តើពេលនេះ ស្ថានការណ៍ត្រឡប់ទៅរកភាពប្រក្រតីឡើងវិញហើយឬនៅ ដោយសារ២ថ្ងៃកន្លងមក មានពាក្យចចាមអារ៉ាមថា មានការបាញ់គ្នាម្តងទៀត?
បើតាមលោក ភូមិថាំ គឺបច្ចុប្បន្ន មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយច្រើនណាស់នៅថៃ រហូតធ្វើឱ្យពលរដ្ឋយល់ច្រឡំទាំងអស់ និងជឿជាក់ព័ត៌មានក្លែងក្លាយ ហើយប្រព័ន្ធផ្សព្វផ្សាយក៏ដូចគ្នាដែរ ។ នៅថ្ងៃទី១៣-១៤ ខែសីហា លោកនឹងប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដោយសារស្ថានការណ៍គ្រប់យ៉ាងបានត្រឡប់មកភាពល្អប្រសើរ ហើយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នឹងត្រូវបិទដំណើរការ ។ ពេលនេះ មានតែការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបង្កើតភាពវឹកវរធ្វើឱ្យអារម្មណ៍ច្របូកច្របល់ និងបង្កបញ្ហា ។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនឹងពិចារណាបិទដំណើរការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប្រសិនបើអ្វីៗទាំងអស់ត្រូវបានដោះស្រាយ ហើយស្ថានការណ៍ត្រឡប់មករភាពប្រក្រតី ។ ហេតុនេះ សូមពលរដ្ឋរង់ចាំតាមដានព័ត៌មានពិតប្រាកដប្រាកដពីរដ្ឋាភិបាលល្អជាង ពលរដ្ឋកុំជឿព័ត៌មានញុះញង់ក្នុងបណ្តាញសង្គមដែលផ្សព្វផ្សាយបំប៉ោងស្ថានការណ៍ ចូរពលរដ្ឋគ្រប់គ្នាស្តាប់ និងអានព័ត៌មានដោយការពិចារណា ។ នេះបើតាមការលើកឡើងរបស់លោក ភូមិថាំ ។
ឆ្លើយតបនឹងសារព័ត៌មានដែលសួរថា តើការបិទដំណើរការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បង្ហាញថា ថៃមានទំនុកចិត្តលើស្ថានការណ៍ព្រំដែននឹងស្ងប់ស្ងាត់ជារៀងរហូត មែនទេ? លោក ភូមិថាំ ប្រាប់ថា ការបិទមជ្ឈមណ្ឌលនេះ គឺត្រូវមានការសម្រេចចិត្តពីកងទ័ព និងនាយកដ្ឋានព័ត៌មាន ព្រមទាំងការវាយតម្លៃស្ថានការណ៍របស់ស្ថាប័នពាក់ព័ន្ធ ។
ចំណែកមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ប្រកាសដណ្តើមប្រាសាទតាក្របីរបស់កម្ពុជា ដែលជាការល្មើសកិច្ចព្រមព្រៀងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ គឺលោក ភូមិថាំ ពុំជ្រាបរឿងនេះទេ ហើយលោកជឿថា គ្រប់យ៉ាងត្រូវអនុវត្តតាមកិច្ចព្រមព្រៀង ។
គួរបញ្ជាក់ថា ថៃបានបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយព័ត៌មានពីជម្លោះព្រំដែនកម្ពុជា-ថៃទៅកាន់ពលរដ្ឋ ដែលមជ្ឈមណ្ឌលនេះស្ថិតក្រោមការគ្រប់គ្រងរបស់លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ។ ការងាររបស់មជ្ឈមណ្ឌលផ្តោតសំខាន់លើផលប្រយោជន៍ខ្ពស់បំផុតរបស់ពលរដ្ឋថៃ និងប្រទេសជាតិ ៕










