ប្រទេសថៃ ៖ កងកម្លាំងបូរ៉ាផាថៃសហការជាមួយក្រុមការងារស្រុកអារញ្ញប្រាថេត បានយកបន្លាលួសមកពង្រាយតាមមាត់ប្រឡាយនៅខេត្តស្រះកែវ ព្រំដែនកម្ពុជា-ថៃ ប្រវែងជាង៩គីឡូម៉ែត្រ ក្រោមមូលហេតុដើម្បីទប់ស្កាត់ពលករបរទេសឆ្លងដែនចូលថៃខុសច្បាប់ និងការឆបោកអនឡាញ ដែលតែងតែឆ្លងដែនចូលទឹកដីថៃតាមច្រកធម្មជាតិ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។

ហ្វេសប៊ុកផេកកងទ័ពជើងគោកថៃឈ្មោះ «Royal Thai Army» សរសេរថា កាលពីថ្ងៃទី៩ ខែសីហា កងកម្លាំងបូរ៉ាផា និងក្រុមការងារស្រុកអារញ្ញប្រាថេត បានសហការគ្នាពង្រាយលួសបន្លានៅតាមបណ្តោយប្រឡាយព្រំហូត ចាប់ពីត្រង់ចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ២០ (ស្ពានឃ្លងលឹក) រហូតដល់ចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ៣១ ស្មើជាង៩គីឡូម៉ែត្រ ។ កន្លងមក កងកម្លាំងបូរ៉ាផាបានពង្រាយលួសបន្លារួចហើយស្មើជាង៦គីឡូម៉ែត្រ នៅតំបន់ឃ្លងលឹក ចាប់ពីចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ០៨ ដល់ចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ២០ ។
.jpg)
ការពង្រាយលួសបន្លាយនៅតាមប្រឡាយព្រំដែនកម្ពុជា-ថៃ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ពលករបរទេស និងទប់ស្កាត់ការឆបោកតាមអនឡាយ ដែលតែងតែប្រើប្រាស់ច្រកធម្មជាតិឆ្លងដែនចូលទឹកដីថៃ ។ ក្រៅពីនេះ លួសបន្លានឹងអាចការពារការប្រព្រឹត្តទង្វើខុសច្បាប់ផ្សេងទៀតនៅតាមបណ្តោយព្រំដែន ។

ថៃចាត់ទុកតំបន់នេះជាកន្លែងមួយសម្រាប់ក្រុមលួចប្រព្រឹត្តទង្វើខុសច្បាប់ក្នុងការធ្វើដំណើរចេញ-ចូលប្រទេសខ្លួន ដោយសារកន្លែងនេះអំណោយផលដល់ការលាក់ខ្លួនឆ្លងដែន ។ ដូច្នេះ ការពង្រាយលួសបន្លានឹងអាចជួយកាត់បន្ថយការប្រព្រឹត្តបទល្មើស និងទប់ស្កាត់ការធ្វើសកម្មភាពរបស់ក្រុមទាំងនេះ ។
ការអនុវត្តវិធានការពង្រឹងសន្តិសុខនៅព្រំដែនកម្ពុជា-ថៃ ធ្វើឡើងតាមគោលនយោបាយការពារឧក្រិដ្ឋកម្មឆ្លងដែន និងគ្រប់គ្រងពលករបរទេសឱ្យស្របតាមច្បាប់យ៉ាងតឹងរ៉ឹង ។ ថៃរំពឹងថា វានឹងជួយផ្តល់ទំនុកចិត្ត និងសណ្តាប់ធ្នាប់បន្ថែមទៀតដល់ពលរដ្ឋថៃរស់នៅតាមព្រំដែន ។
គួរបញ្ជាក់ថា ប្រទេសថៃជាទីតាំងការឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំលើពិភពលោក ប៉ុន្តែរដ្ឋាភិបាលថៃពុំទទួលស្គាល់ និងទម្លាក់កំហុស លាបពណ៌កម្ពុជា ជាទីតាំងការឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនទៅវិញ ។ ការលាបពណ៌កម្ពុជាពីរដ្ឋាភិបាលថៃក្នុងចេតនាកុហកពិភពលោក ដោយសារថៃពុំអាចដោះស្រាយបញ្ហាឆបោកអនឡាញដែលចេះតែកើនឡើង ។ រីឯការពង្រាយលួសបន្លានៅខេត្តស្រះកែវនេះ ពុំមែនដើម្បីទប់ស្កាត់ការឆបោកអនឡាញពីកម្ពុជាទៅថៃទេ គឺដើម្បីកុំឱ្យការឆបោកអនឡាញហូរចេញពីទឹកដីថៃចូលកម្ពុជា ៕










