(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ថ្ងៃទៀត ដោយចង់វា.យដណ្តើមកាន់កាប់ប្រាសាទតាក្របី និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលការអះអាងបែបនេះ បានបង្ហាញពីបំណងឈ្លានពានមកលើកម្ពុជា និងបង្កសង្រ្គាមជាថ្មីម្ដងទៀតយ៉ាងច្បាស់ពីសំណាក់ភាគីថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។

ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោ.ភបំពានលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។

ក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជារក្សានូវគោលជំហរដ៏ម៉ឺងម៉ាត់ក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរនេះដូចគ្នា។

ជាមួយគ្នា ក្រសួងការពារជាតិសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា៕