រាឈុប៖ រថភ្លើងល្បឿនលឿនពិសេសដែលធ្វើដំណើរពី Sungai Kolok និង Padang Besar ទៅ Krung Thep Aphiwat បានបើកធ្លាក់ផ្លូវត្រង់ចំណុចតំបន់ Kui Buri ទីក្រុង Prachuap នាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី9 សីហានេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ 10 នាក់រងរបួស។ នេះបើយោងតាមសារព័ត៌មាន Khoasod។
នៅវេលាម៉ោង5និង20នាទីព្រឹក ថ្ងៃទី9 ខែសីហា ឆ្នាំ2025 រថភ្លើងល្បឿនលឿនពិសេសលេខ38 និងលេខ46 ធ្វើដំណើរពីក្រុងស៊ុងកៃកូឡុក+ប៉ាដាងបេសា ទៅកាន់ក្រុងថេបអភិវ៉ាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវកោងចូលស្ថានីយ គុយបុរី ក្នុងស្រុកគុយបុរី ខេត្តប្រាជ្ញគិរីខាន់។
បើតាមការពិនិត្យជាបឋមរបស់អាជ្ញាធរថៃរកឃើញថា មានអ្នកដំណើរមួយចំនួនរងរបួស ប៉ុន្តែមិនទាន់អាចកំណត់តួលេខជាក់លាក់នៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថា មានមនុស្សសរុបប៉ុន្មាននាក់ ដែលធ្វើដំណើរលើរថភ្លើងនោះ ខណៈអ្នកស្លា.ប់ក៏មិនទាន់ត្រូវបានបញ្ជាក់ផងដែរគិតតាមរបាយការណ៍ត្រឹមរសៀលថ្ងៃសៅរ៍នេះ។
លោក Sitthichai Sawat-saen អភិបាលខេត្ត Prachuap Khiri Khan និងលោក Aram Yankaeo ចៅហ្វាយស្រុក Kui Buri រួមជាមួយនឹងមន្ត្រីមកពីមជ្ឈមណ្ឌលបង្ការ និងសម្រួលភូមិភាគទី៤ បានធ្វើដំណើរទៅកន្លែងកើតហេតុដើម្បីសម្របសម្រួលជាមួយមន្ត្រីផ្លូវដែក។ ពួកគេកំពុងធ្វើការស្ទួចលើករថយន្តរថភ្លើងដែលបានធ្លាក់ផ្លូវនោះ ដើម្បីសម្រួលការដឹកជញ្ជូនសម្រាប់អ្នកដំណើរដែលជាប់គាំង។

យ៉ាងណាមិញ ខាងអាជ្ញាធរនៅតំបន់បានបញ្ជូនមន្រ្តីជំនាញផ្លូវដែក ដើម្បីបើកការស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដ ចំពោះការបើកក្រឡាច់ធ្លាក់ចេញពីផ្លូវរបស់រថភ្លើងនេះ៕










