កុមារីម្នាក់ មានអាយុ ៦ឆ្នាំ រស់នៅក្នុងភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានវិទ្យាស្ថានជាតិសុខភាពសាធារណៈពិនិត្យរកឃើញវិជ្ជមានវិរុសផ្តាសាយបក្សី(H5N1) កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យនៅឡើយទេ។

រោគសញ្ញាមួយចំនួនរបស់កុមារីដែលត្រូវបានរកឃើញមានវិជ្ជមានជំងឺផ្តាសាយបក្សី គឺនាងមានអាការគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល អំឡុងមួយខែកន្លងមកនេះ នៅក្នុងភូមិព្រៃមោក ឃុំស្រែរនោង បានកើតបញ្ហាមាន់ឈឺ និងងាប់ ប្រមាណ ១០០០ក្បាល។

ជាមួយគ្នានេះដែរក្នុងរយៈពេលពេល ២០ថ្ងៃ ចុងក្រោយ នៅផ្ទះរបស់កុមារីរងគ្រោះក៏មានបញ្ហាមាន់ឈឺ ហើយងាប់ចំនួន ៣០ក្បាល ផងដែរ។ មួយថ្ងៃមុនក្មេងចាប់ផ្តើមឈឺ ស្ត្រីជាម្តាយបានយកមាន់ដែលឈឺទាំងនោះមកធ្វើម្ហូបសម្រាប់គ្រួសារ។ ដោះស្រាយបញ្ហានេះ បច្ចុប្បន្នក្រសួងបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស។

បន្ថែមលើនេះមន្ត្រីជំនាញក៏បានស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់ពលរដ្ឋប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុផងដែរ។ ក្រសួងសុខាភិបាលស្នើឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីជានិច្ច ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាព ពលរដ្ឋគ្រប់រូប។

ក្នុងករណីមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ឬទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅទីប្រជុំជនដែលមានមនុស្សច្រើន ត្រូវស្វែងរកការពិនិត្យព្យាបាល និងពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ កុំពន្យារពេល ព្រោះវាអាចមានហានិភ័យខ្ពស់ឈានទៅរកការស្លាប់ជាយថាហេតុ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpBNAs1cs30S3Oy3wTcEvvzVuq-kp4wjzo6lsS2at9b-YpHZl0DY_pB8tydX5M1OHqkR3d6rXegdyijSX-vOeDTyuYVJlPtC1_wdXIGT_37pabwttMmUwvk1G4jJC-wvyX8qMyQRYNGZgWDbU2aqHAJUDf1MLhE3PYbqrnmlK9KYOoKIbmL8dXPjjulKfa/s1280/photo_2025-08-07_15-37-41.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1yuybDuaDYde6qECNzKslG-_0xQLbtGA7BeIq8DiyUu4PaBr79RevnFTrn3_mCSJt0mp_qdxmKrOFTbksbZPqI5A0FScGMoHAuHPA9x6ajGZ7huyGaISlv7O1NomFivaSPb6_5btpyR7_9bo9rqxU6_a2DPsvoj4603kiVdNnM1OHpAP3J7LZY3bx2LO5/s1280/photo_2025-08-07_15-37-40.jpg