ម៉ូស្គូ៖ ភ្នំភ្លើង Krasheninnikov ដែលស្ថិតនៅលើឧបទ្វីប Kamchatka ក្នុងភាគខាងកើតនៃប្រទេសរុស្ស៊ី បានផ្ទុះឡើងវិញជាលើកដំបូងក្នុងរយៈពេលជាង ៥សតវត្ស កាលពីថ្ងៃអាទិត្យទី ៤ ខែសីហា បង្ហាញពីសកម្មភាពភ្លើងភ្នំដ៏កម្រនៅតំបន់នេះ។ អ្នកជំនាញជឿថា សកម្មភាពនេះអាចទាក់ទងទៅនឹងរញ្ជួយដីកម្រិតខ្លាំងដែលបានកើតឡើងកាលពីសប្ដាហ៍មុន។

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ភ្នំភ្លើងនេះបានបញ្ចេញផេះឡើងដល់កម្ពស់ជាង ៦ គីឡូម៉ែត្រ (ស្មើនឹង ៣.៧ ម៉ាយ) ពេញពេលយប់។ ទោះបីជាការផ្ទុះមានកមពស់ខ្ពស់ក៏ដោយ ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ីបានបញ្ជាក់ថា វាមិនមានការគំរាមកំហែងដោយផ្ទាល់ដល់តំបន់ទីប្រជុំជននោះទេ។.png)
បន្ទាប់ពីការផ្ទុះភ្នំភ្លើង ក៏បានកើតមានការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ នៅកោះ Kuril នៅថ្ងៃដដែលផងដែរ ដែលបានជម្រុញឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ កម្ពស់ស្រាលប្រហែល ១៨ សង់ទីម៉ែត្រ តាមបណ្តោយឆ្នេរនៃរដ្ឋ Kamchatka។ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យផ្លាស់ទីចេញពីតំបន់ឆ្នេរ ដើម្បីជៀសវាងហានិភ័យ ទោះបីជារលកមិនខ្លាំងក៏ដោយ។

លោកស្រី Olga Girina ប្រធានមណ្ឌលត្រួតពិនិត្យភ្នំភ្លើង Kamchatka បានបញ្ជាក់ថា ការផ្ទុះដ៏ថ្មីនេះ គឺជាលើកដំបូងចាប់តាំងពីសតវត្សទី ១៥ ហើយអាចទាក់ទងនឹងសម្ពាធដែលកើតឡើងក្រោយរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័រ។ នេះគឺជារញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរុស្ស៊ី ដែលបានធ្វើឱ្យជម្លៀសប្រជាជនរាប់លាននាក់ និងបញ្ចេញការព្រមានអំពីស៊ូណាមិរហូតដល់ French Polynesia និង Chile។
.png)
គួរបញ្ជាក់ថា Kamchatka ស្ថិតនៅក្នុង “រង្វង់ភ្លើងប៉ាស៊ីហ្វិក” (Pacific Ring of Fire) ដែលជាតំបន់មានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីខ្ពស់បំផុតលើពិភពលោក។ អ្នកវិទ្យាសាស្ត្របានព្រមានថា អាចមានការរញ្ជួយដីបន្ថែមទៀតក្នុងពេលខាងមុខ។
មិនត្រឹមជួបគ្រោះធម្មជាតិទេ រុស្ស៊ីក៏កំពុងទទួលគំនាប ដោយវិធានការរឹតបន្តឹងពីសហរដ្ឋអាមេរិកផងដែរ។ កាលពីថ្ងៃទី ២៨ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញសេចក្ដីថ្លែងការណ៍ថា អាមេរិកនឹងទុកពេលតែ១០-១២ថ្ងៃប៉ុណ្ណោះសម្រាប់រដ្ឋាភិបាលរុស្ស៊ី ដើម្បីយល់ព្រមចូលរួមការចរចាជាមួយអ៊ុយក្រែនក្នុងការបញ្ចប់សង្គ្រាម។ ប្រសិនបើរុស្ស៊ីមិនអនុវត្តន៍នូវការចរចានេះ សហរដ្ឋអាមេរិកនឹងដាក់ឱ្យមានទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលរុស្ស៊ី និងស្ថាប័នហិរញ្ញវត្ថុធំៗរបស់ខ្លួន។.png)
ផលវិបាកនៃការដាក់គំនាបនេះអាចនាំភាពចម្រូងចម្រាស់ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្រ។ ប្រសិនបើរុស្ស៊ីមិនយល់ព្រមចូលរួមចរចា ការដាក់ទណ្ឌកម្មបន្ថែមនឹងធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីប្រឈមនឹងវិបត្តិធនាគារ ការខាតបង់បច្ចេកវិទ្យាអន្តរជាតិ ការរឹតបន្តឹងរបបយុទ្ធសាស្ត្រចាំបាច់ ហើយអាចបណ្តាលឱ្យមានការប្រែប្រួលគោលនយោបាយខាងក្នុងផងដែរ។.png)
ការប្រឈមទាំងផ្នែកធម្មជាតិ និងអន្តរជាតិជាបន្តបន្ទាប់នេះ បានបង្កើតសម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាលរុស្ស៉ី ក្នុងការចាត់ចែងស្ថានការណ៍ជាតិ និងអន្តរជាតិដែលកំពុងកើតឡើងជាបន្តបន្ទាប់៕










