ក្រសួងការពារជាតិចិនប្រកាសថា ចិន និងរុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពរួមគ្នានៅសមុទ្រជប៉ុនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពង្រឹងសម្ត័ន្ធភាព និងសណ្តាប់ធ្នាប់ពិភពលោក ដែលប្រទេសទាំងពីរមើលឃើញថា ត្រូវបានអាមេរិកត្រួតត្រា ។ ប៉ុន្តែជប៉ុនមើលឃើញការធ្វើសមយុទ្ធនេះនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួនយ៉ាងខ្លាំង ។

ក្រៅពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងនយោបាយ ចិន-រុស្ស៊ីបានសហការផ្នែកកងទ័ពជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២៤ ហើយទំនាក់ទំនងនេះកាន់តែស្អិតរមួតថែមទៀតក្រោយពីរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ។
ការធ្វើសមយុទ្ធកងទ័ពចិន-រុស្ស៊ីមានឈ្មោះថា «Joint Sea-2025» មានរយៈពេល៣ថ្ងៃ នៅដែនទឹកក្បែរទីក្រុងកំពង់ផែកងទ័ព «វ៉្លាឌីវ៉ូស្តុក» របស់រុស្ស៊ី ។ ក្រសួងការពារជាតិចិនបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពប្រទេសទាំងពីរនឹងរួមគ្នាហ្វឹកហាត់បេសកកម្មជាច្រើន ដូចជា ៖ ការសង្គ្រោះនាវាមុជទឹក ការប្រឆាំងនាវាមុជទឹក ការការពារផ្នែកអាកាស និងប្រឆាំងមីស៊ីល ព្រមទាំងការធ្វើសមយុទ្ធនៅសមុទ្រ ។
.png)
ចិនបានបញ្ជូននាវាចំនួន៤គ្រឿង ក្នុងនោះមាននាវាពិឃាតមីស៊ីល Shaoxing និងនាវា Urumgi ដើម្បីហ្វឹកហាត់រួមគ្នាជាមួយរុស្ស៊ីក្រោយបញ្ចប់សមយុទ្ធ ហើយប្រទេសទាំងពីរមានគម្រោងល្បាតដែនសមុទ្រនៅមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ។
.png)
រយៈពេលជាច្រើនឆ្នាំមកហើយដែលចិន និងរុស្ស៊ី បានធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ក្រោមការហ្វឹកហាត់ «Joint Sea» ដែលចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១២ ។ កាលពីឆ្នាំ២០២៤ ប្រទេសទាំងពីរបានធ្វើសមយុទ្ធកងទ័ពរួមគ្នានៅសមុទ្រភាគខាងត្បូងប្រទេសចិន ។
ក្រសួងការពារជាតិចិនបានបញ្ជាក់កាលពីថ្ងៃទី១ ខែសីហា ថា ការធ្វើសមយុទ្ធនៅឆ្នាំ២០២៥ មានគោលបំណងពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ។ រីឯក្រសួងការពារជាតិជប៉ុនបានដាស់តឿនការធ្វើសមយុទ្ធកងទ័ពចិន-រុស្ស៊ីនៅសមុទ្រជប៉ុន និងធ្វើឱ្យជប៉ុនបារម្ភពីប៉ះពាល់សន្តិសុខរបស់ខ្លួនយ៉ាងខ្លាំង ៕










