ប្រទេសថៃ ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយលោកពិចារណាគម្រោងទិញយន្តហោះចម្បាំង Saab JAS 39 Gripen ឬយន្តហោះ Gripen ប្រភេទ E និង F ពីប្រទេសស៊ុយអែត ដំណាក់កាលទី១ ចំនួន៤គ្រឿង ស្មើនឹង១៩,៥០០លានបាត តាមសំណើរបស់លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិដើម្បីបំពេញតម្រូវការកងទ័ពអាកាសថៃ ។ ថៃនឹងទិញយន្តហោះចម្បាំងជាបន្តបន្ទាប់ទៀតនៅដំណាក់កាលទី២ និងទី៣ រហូតដល់១២គ្រឿង ។

កងទ័ពអាកាសថៃមានគម្រោងទិញយន្តហោះចម្បាំង Saab JAS 39 Gripen ប្រភេទ E និង F គឺជាយន្តហោះផលិតចុងក្រោយបង្អស់របស់ប្រទេសស៊ុយអែត ចំនួន១២គ្រឿង ស្មើនឹង៦ម៉ឺនលានបាត ។ ការទិញយន្តហោះចម្បាំងនេះធ្វើឡើងតាមរយៈរដ្ឋាភិបាលស៊ុយអែត ដោយបែងចែកជា ៣ដំណាក់កាល មានរយៈពេល១០ឆ្នាំ ក្នុងនោះដំណាក់កាលទី១ ថៃទិញយន្តហោះចម្បាំង៤គ្រឿង ស្មើនឹង១៩,៥០០លានបាត ហើយស៊ុយអែតនឹងបញ្ជូនមកឱ្យថៃនៅឆ្នាំ២០២៩ ។.png)
គម្រោងទិញយន្តហោះចម្បាំង Gripen បានដាក់សំណើមកកាន់គណៈរដ្ឋមន្ត្រីតាំងពីចុងខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែដោយសារមានបញ្ហារឿងឯកសារ ទើបពន្យារពេលរហូតដល់ថ្ងៃទី៥ ខែសីហានេះ ដើម្បីស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រី ។
កាលពីថ្ងៃទី៤ ខែមិថុនា មេបញ្ជាការកងទ័ពអាកាស លោក ផានភក្តី ផាត់ថាណាគុន និយាយថា យន្តហោះចម្បាំងវាយប្រហារ F-16 របស់ថៃនឹងឈប់ប្រចាំការចាប់ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៣៥ ក្រោយពីថៃបានប្រើប្រាស់រយៈពេល៣៧ឆ្នាំ ។ បើថៃពុំស្វែងរកទិញយន្តហោះចម្បាំងថ្មីមកជំនួសយន្តហោះចម្បាំងចាស់ទេនោះ វានឹងប៉ះពាល់ដល់ការការពារប្រទេស ទើបថៃចាំបាច់ត្រូវទិញយន្តហោះចម្បាំងថ្មីតាមរយៈគម្រោង ។
ការធ្វើសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ កងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះចម្បាំង Gripen ដើម្បីវាយប្រហារលើគោលដៅកងទ័ពកម្ពុជា ដែលថៃចោទប្រកាន់ថា គំរាមកំហែងសន្តិសុខប្រទេសខ្លួន ។ ក្រៅពីនេះ កងទ័ពអាកាសថៃក៏បានប្រើប្រាស់យន្តហោះចម្បាំងទម្លាប់គ្រាប់បែកលើឃ្លាំងអាវុធ និងទីកន្លែងគ្រប់គ្រងអាវុធកម្ពុជា ដោយយន្តហោះនេះធ្វើប្រតិបត្តិការទាំងថ្ងៃទាំងយប់ ។
ជាមួយគ្នានេះ កងទ័ពអាកាសថៃបានច្រានចោលព័ត៌មានស៊ុយអែតពុំលក់យន្តហោះចម្បាំងឱ្យខ្លួន ដោយកងទ័ពអាកាសថៃអះអាងថា ស៊ុយអែតនឹងលក់យន្តហោះចម្បាំងឱ្យថៃចំនួន១២គ្រឿង ដោយមានគម្រោងបញ្ជូនមកដល់ប្រទេសថៃ ជា៣ដំណាក់កាល ៕










