ប្រទេសថៃ ៖ ក្រោយពីសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមថៃចោទប្រកាន់ថា រុស្ស៊ីបញ្ជូនកងទ័ពមកជួយកម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃ ហើយកងទ័ពរុស្ស៊ីស្លៀកពាក់ឈុតកងទ័ពកម្ពុជា លោក ណាតថាផុន ណាតផានីត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានប្រាប់ទៅសារព័ត៌មានថៃថា លោកបានត្រួតពិនិត្យរួចហើយ គឺពុំមែនជាកងទ័ពរុស្ស៊ីទេ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Top News កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ។

លោក ណាតថាផុន ណាតផានីត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយនៅថ្ងៃទី៣០ ខែកក្កដា នៅក្រសួងការពារជាតិថា កងទ័ពក្នុងរូបភាពដែលបណ្តាញសង្គមថៃចែកចាយនេះ គឺជាកងទ័ពកម្ពុជាមានរូបរាងខ្ពស់សង្ហា ជាកីឡាករបាល់ទះ និងគ្មានទំនាក់ទំនងជាភាសារុស្ស៊ី ។ លោកទទួលបានការបញ្ជាក់ថា កងទ័ពរូបនេះពុំមែនជាកងទ័ពបរទេសមកស៊ីឈ្នួលវាយថៃទេ គេជាកីឡាករបាល់ទះមានរូបរាងខ្ពស់ មុខមាត់ស្អាតបាត ទើបធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចាប់អារម្មណ៍ និងយល់ខុសច្រឡំជាជនបរទេស ។
ចំណែកសំឡេងសន្ទនាតាមវិទ្យុជាភាសារុស្ស៊ី លោក ណាតថាផុន និយាយថា លោកពុំទាន់អាចបញ្ជាក់បានទេ ពីព្រោះតាំងព្រឹកមក (ព្រឹកថ្ងៃទី៣០ ខែកក្កដា) លោករវល់ប្រជុំ និងតាមដានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ ។ ពលរដ្ឋថៃជាច្រើនសង្ស័យថា កម្ពុជាជួលកងទ័ពរុស្ស៊ីមកធ្វើសង្គ្រាម ហើយបានសួរលោកតាំងពីយប់ថ្ងៃទី២៩ ខែកក្កដា ទើបលោកព្យាយាមឆ្លើយតប និងទទួលបានព័ត៌មានពុំមែនជាកងទ័ពរុស្ស៊ី ។

អ្នកសារព័ត៌មានថៃបានប្រាប់ទៅលោក ណាតថាផុន ថា ប៉ុន្តែកងទ័ពនេះមានរូបរាងស្រដៀងជនជាតិរុស្ស៊ី អ៊ុយក្រែន អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន លោកឆ្លើយថា យើងពុំអាចចោទប្រកាន់អ្វីមួយដោយគ្មានភស្តុតាងឡើយ ។ ប្រសិនបើលោកជាពលរដ្ឋសាមញ្ញ លោកនឹងគិតដូចគ្នាជាមួយអ្នកលេងបណ្តាញសង្គមដែរ ប៉ុន្តែលោកជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិពុំអាចនិយាយអ្វីបានទេ គឺដូចគ្នានឹងករណីកងទ័ពថៃដើរជាន់មីន ពុំដឹងថាជាមីនថ្មី ឬចាស់ ។
វាអាចទៅរួចដែលកម្ពុជាចំណាយប្រាក់ជួលកងទ័ពបរទេសមកជួយប្រយុទ្ធជាមួយថៃ ដូចលោក សុឆាតិ បាំរុងសុខ អ្នកវិភាគសន្តិសុខបានដាស់តឿនឱ្យពលរដ្ឋថៃប្រុងប្រយ័ត្នជាមួយជនជាតិរុស្ស៊ី ។ លោក សុឆាតិ អាចនិយាយតាមព័ត៌មានដែលខ្លួនមាន និងអ្វីដែលបានស្តាប់ឮ ។ នេះបើតាមការលើកឡើងរបស់លោក ណាតថាផុន ៕










