តើអាចជាប្រផ្នូលល្អសម្រាប់កម្ពុជា ឬមួយយ៉ាងណា? បាតុភូតធម្មជាតិដ៏ស្រស់ស្អាត និងអស្ចារ្យមួយបានលេចឡើងឲ្យឃើញច្បាស់ពីទស្សនីយភាពព្រះអាទិត្យបាំងឆ័ត្រនារដូវវស្សានៅលើទឹកដីអង្គរ ខេត្តសៀមរាប ធ្វើឲ្យមនុស្សជាច្រើននឹកគិតទៅដល់រឿងអបិយជំនឿ ថាវាអាចជាសញ្ញាល្អណាមួយសម្រាប់ប្រទេសកម្ពុជាមិនខាន។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សារា កាលពីថ្ងៃអង្គារ ទី២៩ ខែកក្កដា បានបង្ហាញរូបភាពប៉ុន្មានសន្លឹកនៅក្នុងបរិវេណនៃប្រាសាទអង្គរវត្ត ជាមួយនឹងសំណេរថា៖ «បាតុភូតធម្មជាតិដ៏អស្ចារ្យ ព្រះអាទិត្យបាំងឆ័ត្រនៅប្រាសាទអង្គរវត្តនារដូវវស្សាហាក់ផ្តល់ពរជ័យដល់ព្រះរាជាណាចក្រកម្ពុជា»។
អាជ្ញាធរជាតិអប្សារាក៏បានឲ្យដឹងថែមទៀតថា ព្រឹត្តិការណ៍ធម្មជាតិនៃព្រះអាទិត្យបាំងឆ័ត្រនារដូវវស្សាលើកំពូលប្រាង្គប្រាសាទអង្គរវត្ត ដែលជាទីតាំងសក្ការបូជាដ៏ស័ក្តសិទ្ធិ ជាអត្តសញ្ញាណជាតិ និងជាដួងព្រលឹងជាតិខ្មែរ ហាក់ដូចជាសក្ខីភាពរបស់ដួងព្រលឹងបុព្វបុរសខ្មែរ ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវបទឈប់បា.ញ់ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់វីរកងទ័ពជួរមុខ ព្រមទាំងប្រជាជនខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតិភូមិ។
ជាមួយនឹងការបង្ហោះនេះ មហាជនជាច្រើនបានបង្ហាញពីការយល់ឃើញខុសៗគ្នាថា ដោយផ្អែកលើអបិយជំនឿបានលើកឡើងជាការសន្និដ្ឋានថា បាតុភូតនេះ ជាសញ្ញាបង្ហាញថាប្រទេសជាតិនឹងបានសុខសាន្តត្រាណ ជៀសផុតពីឧបទ្រពចង្រៃ។ រីឯបើតាមជំនឿអ្នកស្រុកខ្លះទៀតដែលគេនិយាយតៗថា ព្រះអាទិត្យបាំងឆត្របែបនេះជាប្រផ្នូលមិនល្អទេ អាចជាមានលោកធំណាមួយធ្លាក់បុណ្យស័ក្តិ ឬស្រុកទេសកើតកលិយុគ ឬវិបត្តិទុរ្ភិក្ស អសន្តិសុខជាដើម។
ទោះជាយ៉ាងណា ក៏នៅមានមហាជនជាច្រើនសន្និដ្ឋានថាវាជារឿងល្អ ដោយពួកគាត់បានលើកឡើង និងបួងសួងយ៉ាងដូច្នេះថា៖ «កម្ពុជាមួយនេះ មិនត្រឹមតែមិត្តអន្តរជាតិស្រឡាញ់អាណិតទេ សូម្បីតែធម្មជាតិក៏ស្រណោះមេត្តាដែរ។» «សូមឲ្យសត្រូវវិនាសខ្ចាត់ខ្ចាយ» «សូមឲ្យកម្ពុជាមានតែសន្តិភាព ការអភិវឌ្ឍន៍ និង រីកចម្រើន»។
គួរជម្រាបថា ព្រះអាទិត្យបាំងឆ័ត្រ គឺជាកាំរស្មីរបស់ពន្លឺព្រះអាទិត្យត្រូវបានជះចាំងមកចំដុំពពកទឹក រួចក៏ឆ្លងកាត់បំណែកនៃទឹកដ៏សែនតូចឆ្មាជាទីបំផុត ដែលញ៉ាំងឲ្យបែកចែងចាំងជាពន្លឺកាំរស្មីមានប្រាំបីពណ៌ល្អស្អាត ដែលភាសាបច្ចេកទេសរបស់អ្នកវិទ្យាសាស្រ្តហៅថា បាតុភូត Halo។ វាតែងកើតឡើងពីពពកស្បៃ ដែលជាញឹកញាប់គេឃើញវាកើតមានជាសញ្ញាមុនពេលព្យុះខិតជិតមកដល់៕