តារាចម្រៀង ថេណា និងតារាចម្រៀង កៅ ពន្លឺ នៃសមាជិកក្មេងខ្មែរ បានបង្ហាញចំណាប់អារម្មណ៍រៀងៗខ្លួននៅលើបណ្តាញសង្គមដោយលើកឡើងថាមេរៀនទុក្ខលំបាកលើកនេះនឹងធ្វើឱ្យប្រទេសជាតិកាន់តែខ្លាំងជាងមុន សាមគ្គីគ្នាជាងមុននិងត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយយើងកាន់តែបានដឹងពីទឹកចិត្តប្រជាជនកម្ពុជា។.png)
តារាចម្រៀង ថេណា បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៨ កក្កដា ថា «ចាប់ពីពេលនេះទៅ យើងត្រូវរំលឹកខ្លួនឯងជាប្រចាំថា យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងចូលរួមពង្រឹងសម្មត្ថភាពខ្លួនឯងនិងចូលរួមជួយជាតិមួយនេះឱ្យបានរឹងមាំ។ ខ្ញុំជឿជាក់ថា បន្ទាប់ពីការហែលឆ្លងទុកលំបាកមួយនេះ យើងនឹងកាន់តែរឹងមាំខ្លាំងជាងមុនក្នុងសន្ទុះមួយដ៏លឿន និងមានការរួបរួមជាតិមួយដែលមិនអាចបំបែកបាន គ្រប់កម្រិត ដែលមិននឹកស្មានដល់ ដែលសម្រាប់ខ្ញុំគឺជាការសងសឹកដ៏អស្ចារ្យបំផុតដែលយើងត្រូវធ្វើ។ យើងត្រូវធ្វើឱ្យបាន»។
សម្រាប់តារាចម្រៀង កៅ ពន្លឺ ដែលជាសមាជិកក្មេងខ្មែរវិញបានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកដែរថា «នៅពេលសង្រ្គាមចប់ ប្រទេសយើងនឹងខ្លាំងជាងមុន រីកចម្រើនជាងមុន ស្រលាញ់ជាតិជាងមុនខំប្រឹងជាងមុន ស្គាល់ខ្លួនឯងជាងមុន »។ លោកក៏បានបង្ហោះរូបនាយករដ្ឋមន្រ្តីកម្ពុជាចូលរួមកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី និងបានបន្ថែមខ្លឹមសារថា «កត់ចូលបញ្ជីប្រវត្តិសាស្រ្តប្រទេសកម្ពុជា នៅក្នុងគ្រាលំបាកទើបដឹងពីទឹកចិត្តរបស់បងប្អូនខ្មែរ ខ្មែរចេះស្រលាញ់គ្នា ខ្មែរខ្លាំង និងសូមអរគុណទៅកាន់បងៗកងទ័ពជួរមុខដែលជាវីរៈជនឈរជើងការពារទឹកដីពីសត្រូវ ។ ការលះបង់របស់កងទ័ព ការសាមគ្គីរបស់ប្រជាជន ការបង្ហាញពីការខ្វាយខ្វល់របស់អ្នកទាំងអស់គ្នា បានបង្កើតកម្លាំងសាមគ្គីកាន់តែខ្លាំងសម្រាប់ប្រទេសកម្ពុជា»។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ថ្ងៃនៃសង្គ្រាមព្រំដែនរវាងខ្មែរនិងថៃ ដែលភាគីថៃចូលឈ្លានពាននេះគឺគេបានឃើញប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់សាមគ្គីគ្នាជាធ្លុងមួយមិនថានៅវិស័យណានោះទេគឺបានបង្ហាញពីទឹកចិត្តស្នេហាខ្វល់ខ្វាយពីសុខទុក្ខរបស់ជាតិខ្លួន៕










