អុញនោះៗ រដ្ឋាភិបាលថៃប្តឹងទៅប្រធានអាស៊ាន ចិន និងអាមេរិក ដោយចោទប្រកាន់កម្ពុជាជាអ្នកបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ម្តេចទៅជាចឹងវិញទៅ ដូចគេនិយាយមែន បើមិនកុ.ហ.ក គឺមិនមែនថៃឡើយ!

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា រដ្ឋាភិបាលថៃបានប្តឹងទៅប្រធានអាស៊ាន ចិន និងអាមេរិក ដែលបានធ្វើជាសាក្សីក្នុងការចរចាបញ្ចប់ការបា.ញ់ជាបន្ទាន់រវាងកម្ពុជា-ថៃ ដើម្បីឱ្យពិភពលោកដឹងថា កម្ពុជាពុំស្មោះត្រង់ និងបំពានកិច្ចព្រមព្រៀងលើបទឈប់បា.ញ់ ។ ពេលនេះ រដ្ឋាភិបាលថៃបានបញ្ជាឱ្យពង្រឹងកម្លាំងកងទ័ពដើម្បីរក្សាអធិបតេយ្យ និងពុំយល់ព្រមឱ្យប្រទេសជិតខាងរុករានចូលទឹកដីថៃដាច់ខាត ។

នាវេលាម៉ោង១និង២០នាទី ថ្ងៃទី២៩ ខែកក្កដា នៅវិមានរដ្ឋាភិបាល លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ ព្រមទាំងលោក មារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ណាតថាផុន ណាតផានីត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ស្តីពីចំណាត់ការរបស់រដ្ឋាភិបាលថៃពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។

លោក ភូមិថាំ និយាយថា រដ្ឋាភិបាលថៃព្យាយាមបញ្ចប់សង្គ្រាមនៅព្រំដនឱ្យបានឆាប់រហ័សបំផុត រហូតដល់ភាគីទាំងពីរបានចរចាឈប់បាញ់គ្នាដោយប្រកាន់យកផលប្រយោជន៍របស់ពលរដ្ឋ និងរក្សាអធិបតេយ្យជាតិ ក៏ដូចជាអាយុជីវិតពលរដ្ឋ កងទ័ព និងទ្រព្យសម្បត្តិពលរដ្ឋ ។ ចំណុចទាំងនេះជាក្តីសង្ឃឹមរបស់ពិភពលោកដែលចង់ឱ្យពលរដ្ឋកម្ពុជា-ថៃមានសន្តិភាព ហើយរដ្ឋាភិបាលថៃគោរពតាមលទ្ធផលការចរចានៅម៉ាឡេស៊ី និងអនុវត្តយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ចប់ការបាញ់ដែលភាគីទាំងពីរថ្លែងរួមគ្នា ។

ប៉ុន្តែកងទ័ពកម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបានប្រើប្រាស់អាវុធបាញ់កងទ័ពថៃនៅតំបន់ជាច្រើននាថ្ងៃទី២៩ ខែកក្កដា ដែលធ្វើឱ្យកងទ័ពថៃបាញ់តទល់វិញដើម្បីការពារអធិបតេយ្យ និងពលរដ្ឋ ។ ហេតុនេះ រដ្ឋាភិបាលថៃបានប្តឹងទៅប្រធានអាស៊ាន ចិន និងអាមេរិក ដែលបានធ្វើជាសាក្សីក្នុងការចរចារវាងកម្ពុជា-ថៃដើម្បីឱ្យពិភពលោកជ្រាបថា កម្ពុជាពុំស្មោះត្រង់ ល្មើសកិច្ចព្រមព្រៀងបទឈប់បាញ់ ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ ។

ស្ថានការណ៍បច្ចុប្បន្ន គឺរដ្ឋាភិបាលថៃបានបញ្ជាឱ្យពង្រឹងកម្លាំងកងទ័ពដើម្បីរក្សាអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ដោយពុំព្រមឱ្យប្រទេសជិតខាងឈ្លានពានទឹកដី ។ នៅថ្ងៃទី២៩ កក្កដា មានជំនួបរវាងថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ ហើយភាគីទាំងពីរនឹងចរចាកម្រិតខ្ពស់ជាងនេះតាមការព្រមព្រៀងគ្នាបញ្ឈប់ហិង្សា និងកុំឱ្យបាត់បង់ជីវិតពលរដ្ឋ និងកងទ័ពទាំងសងខាង ។

ចុងក្រោយ លោកបានចោទប្រកាន់មានព័ត៌មានក្លែងក្លាយមួយចំនួននៅកម្ពុជា និងប្រាប់កុំឱ្យពលរដ្ឋជឿព័ត៌មានក្លែងក្លាយនាំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង ។ រដ្ឋាភិបាលនឹងបំពេញតួនាទីឱ្យអស់ពីសមត្ថភាពដើម្បីរក្សាផលប្រយោជន៍ជាតិ និងពលរដ្ឋ ៕