ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានចរចាពីការបញ្ចប់ឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។

កិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នាបានចាប់ផ្តើមចូលជាធរមានត្រឹមម៉ោង០០និង០១នាទី ថ្ងៃទី២៩ ខែកក្កដា ដែលបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ពីសង្គ្រាមកម្ពុជា និងថៃ ប៉ុន្តែកងទ័ពថៃបែរជាចោទប្រកាន់ថា កម្ពុជាល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នានៅម៉ាឡេស៊ី ។

នៅថ្ងៃទី២៩ ខែកក្កដា សារព័ត៌មាននានារបស់ថៃរាយការណ៍ថា កងទ័ពថៃបានចោទប្រកាន់កម្ពុជាពុំព្រមឈប់បា.ញ់ និងល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នា ហើយចោទប្រកាន់ថា កងទ័ពកម្ពុជាបានផ្ទុះអាវុធនៅភ្នំទ្រព្យ រួមទាំងបើកឆាកបាញ់នៅតំបន់ប្រាសាទតាក្របីម្តងទៀត ។ កងទ័ពថៃថា កម្ពុជាបំផ្លាញទំនុកចិត្ត ខណៈថៃប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ប៉ុន្តែចាំបាច់ត្រូវការពារខ្លួន ។

នាវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៩ ខែកក្កដានេះ នៅទីបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពថៃចោទប្រកាន់ថា កម្ពុជាល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នានៅម៉ាឡេស៊ី ។ វាខុសពីអ្វីដែលរដ្ឋាភិបាលកម្ពុជា-ថៃបានព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ព្រំដែនប្រទេសទាំងពីរចូលជាធរមានត្រឹមម៉ោង០០និង០១នាទី ថ្ងៃទី២៩ ខែកក្កដា ដើម្បីបង្កើតសន្តិភាព កាត់បន្ថយភាពតានតឹង និងជំរុញកិច្ចសហការរវាងប្រទេសទាំងពីរ ។

កងទ័ពថៃសូមប្រកាសថា ភាគីថៃនឹងអនុវត្តតាមកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នាយ៉ាងម៉ឺងម៉ាត់នៅតំបន់ព្រំដែនកម្ពុជា-ថៃតាមពេលវេលាកំណត់ ក៏ដូចជាប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋាភិបាលកម្ពុជា-ថៃ ។ ប៉ុន្តែកងទ័ពថៃសោកស្តាយយ៉ាងខ្លាំង គឺដល់ពេលវេលាកំណត់ឈប់បាញ់គ្នា ភាគីកម្ពុជាបានប្រើប្រាស់អាវុធវាយប្រហារមកលើតំបន់ជាច្រើនរបស់ថៃ ។ ថៃចាត់តុកថា ជាការល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា ដោយកម្ពុជាមានចេតនាបំផ្លាញទំនុកចិត្តរវាងគ្នា ហើយថៃចាំបាច់ត្រូវអនុវត្តវិធានការក្រោមសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន ។

ចុងក្រោយ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពថៃបញ្ជាក់ថា ជំនួបរវាងថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងពន្យាររហូតដល់ម៉ោង១០ ថ្ងៃទី២៩ ខែកក្កដា ខណៈពេលវេលាកំណត់ដំបូងនៅម៉ោង៧ព្រឹក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW5Jq8RSxa4Gv6BDAcqFehyp9vs43HXIh4nwqX5py-qrDRNAX-IjK0eYC6kq6ZwBarEyQlX8BSA8TBOV4xbMfUXodHAtoNPLg6sgzOBUwDP-aHt1qxNxkzaO4uFDuIvwBn27RsVzFcUFrgYUMClYGE23nhTG4Gt7jBjtDQXk_sCcyrNan3eL3qAv2DgBQu/s892/photo_2025-07-29_09-22-08.jpg