ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំ២០២៥នេះ ត្រូវបានពន្យាពេលពីថ្ងៃទី១៨-១៩សីហា ទៅថ្ងៃទី២៨-២៩ ខែសីហា ជំនួសវិញ ស្របពេលស្ថានការព្រំដែនកម្ពុជា-ថៃ មានការផ្ទុះអាវុធដាក់គ្នា។

ទន្ទឹមគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ក៏បានផ្តល់សិទ្ធឱ្យ បេក្ខជននៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចប្រឡងនៅខេត្តរបស់ខ្លួន ឬខេត្តផ្សេងទៀតបាន ប្រសិនបើភៀសសឹក។

ការប្រកាសពន្យាពេលប្រឡងបាក់ឌុបនេះ ក៏ព្រោះកងទ័ពថៃ បានឈ្លានពានទឹកដីកម្ពុជា និងបានបាញ់គ្រាប់ផ្លោង ដែលធ្វើឱ្យគ្រឹះស្ថានសិក្សាក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាង៦០០ទីតាំងត្រូវបិទទ្វារ។

លើសពីនេះ សិស្សានុសិស្សជាង១៥ម៉ឺននាក់ បាត់បង់ការរៀនសូត្រគ្រូបង្រៀនជាង៦ពាន់នាក់ មិនបានបង្រៀនសិស្សក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ៕