ភាគីថៃ បានចោទប្រកាន់មីសុីលចម្ងាយឆ្ងាយ PHL-03 វាយប្រហារលើទឹកដីថៃ ដើម្បីជាលេសប្រើប្រាស់អាវុធដ៏ព្រៃផ្សៃមកលើដែនអធិបតេយ្យភាពកម្ពុជា។

បើយោងតាមអ្នកនាំពាក្យក្រសួងការពារ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា៖”ភាគីថៃវាយប្រហារបណ្ដើរ ចោទកម្ពុជាបណ្ដើរ ខណៈកម្ពុជា ប្រកាន់ជំហរគោរពតាមច្បាប់ មិនទាន់បានប្រើប្រាស់អាវុធធុនធ្ងន់ប្រភេទ PHL-03 វាយប្រហារបកទៅកាន់ភាគីថៃវិញឡើយ។

លោកជំទាវឧត្ដមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា៖”កាលពីថ្ងៃទី២៧ កក្កដា ភាគីថៃបានប្រើដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងផ្សែងពុលនៅតំបន់ភ្នំខ្មោច និងតំបន់អានសេះ រួមទាំងប្រើយន្តហោះចម្បាំងបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងទីតាំងមួយចំនួនទៀត ក្នុងដែនដីកម្ពុជា ដែលវាផ្ទុយពីអនុសញ្ញា និងច្បាប់អន្តរជាតិ”។

គួរបញ្ជាក់ថា ចាប់តាំងពីថៃបើកការឈ្លានពានកម្ពុជាមក កម្ពុជាមិនដែលប្រព្រឹត្តទុច្ចរិត និងព្រៃផ្សៃ ដូចភាគីថៃនោះទេ៕