តារាចម្រៀង ឆាយ វីរៈយុទ្ធ បានធ្វើឱ្យមហាជនស្រឡាំងកាំងនិយាយស្ទើរតែមិនចេញបន្ទាប់ពីលោកបានបង្ហោះលក់អង្កររបស់ខ្លួនក្នុងតម្លៃធម្មតាខណៈអ្នកមួយចំនួនធំស្មានថាលោកឧបត្ថម្ភ។ ឃើញរៀមច្បងដែលខ្លួនគោរពស្រលាញ់បង្ហោះដូចនេះលោក ទ្រី សក្កដា បានសម្តែងការខកចិត្តនិងបានចោទសួរទៅកាន់លោក ឆាយ វីរៈយុទ្ធ ថាអត្មានិយមពេកអត់?
នៅយប់ថ្ងៃទី២៤ កក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកយ៉ាងដូច្នេះថា «ក្នុងនាមជាអ្នកផ្គត់ផ្គង់អង្ករម៉ាកស្តេចអង្ករ ស្តេចអង្ករ King Rice ខ្ញុំទាំងពីរនៅតែរក្សាតំលៃអង្ករដដែលជូនបងប្អូនប្រជាជនខ្មែរ ដោយមិនឡើងថ្លៃអង្ករនោះទេ។ តារាចម្រៀងរូបនេះក៏បានភ្ជាប់មកជាមួយនឹងហាសថេកថា ខ្មែរស្រលាញ់ខ្មែរ គាំទ្រផលិតផលខ្មែរ។
ការបង្ហោះរបស់លោក ឆាយ វីរៈយុទ្ធ បានធ្វើឱ្យមហាជនមានការស្រឡាំងកាំងជាខ្លាំងព្រោះមនុស្សភាគច្រើនគិតស្មានថាលោកនិងភរិយាប្រកាសបរិច្ចាគអង្ករក្នុងពេលប្រទេសជាតិកំពុងមានអាសន្ន។ ឃើញការប្រម៉ូតអង្កររបស់ខ្លួនបែបនេះលោក ទ្រី សក្កដា បានបញ្ចេញមតិត្រង់ៗទៅកាន់លោក ឆាយ វីរៈយុទ្ធ ថា« សុំទិញអង្ករម៉ាកផ្សេងក្រៅពីហ្នឹងបានអត់អញ្ចឹង Marketing ហួសហេតុពេកទេដឹង Idol អត្មានិយមពេកអត់?»។
ដោយអារម្មណ៍មិនអស់ចិត្តនៅព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៥ ទ្រី សក្កដា ក៏បាន Screenshot ការបង្ហោះរបស់លោកឆាយ វីរៈយុទ្ធ និងបានភ្ជាប់មកជាមួយនឹងសម្តីថា «
ជារៀមច្បងដែលខ្ញុំគោរពស្រលាញ់ សូមបងពិនិត្យPost របស់បងឡើងវិញ តើការ Post បែបនេះចំណេញអ្វីខ្លះដល់ជាតិ? បើបងចង់ Promote ប្រេនអង្ករខ្លួនឯងដល់ថ្នាក់នេះហើយ បងគួរតែលក់អង្ករក្រោមតម្លៃទីផ្សារ គ្រប់យ៉ាងដែលបងទទួលបានថ្ងៃនេះ គឺពីជនរួមជាតិខ្មែរយើង បើខ្មែរជួបបញ្ហា បងគួរខាតខ្លះ មិនមែនឆ្លៀតពេលចំណេញ ! អរគុណបង»។
ទោះយ៉ាងណា បន្ទាប់ពីឃើញមហាជននិងអ្នកក្នុងចង្កោមសិល្បៈបង្ហាញអារម្មណ៍ស្រងាកចិត្តចំពោះខ្លួននៅព្រឹកថ្ងៃទី២៥ នេះលោក ឆាយ វីរៈយុទ្ធ បានប្រកាសឧបត្ថម្ភអង្ករ២០០បេ។ លោកបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទឆាយ វីរៈយុទ្ធ និង ភរិយា សែ ចាន់ឌី ជាម្ចាស់អង្ករម៉ាក ស្តេចអង្ករ King Rice ចូលរួមស្បៀងអង្ករដល់ ប្រជាពលរដ្ឋ ភាសសឹក នៅវត្តភ្នំកំបោរ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ចំនួន ២០០បេ តាមរយៈបងប្រុស Sean Chandara»៕