បន្ទាប់ពីបង្ហាញទឹកចិត្តក្នុងស្មារតីជាតិខ្មែរតែមួយជូនពរដល់កងទ័ពជួរមុខពេលនេះតារារ៉េប វណ្ណដា បានប្រើសំឡេងដ៏មានឥទ្ធិពលរបស់ខ្លួនឈរនៅជាមួយនឹងប្រទេសកម្ពុជានិងថាការលាបពណ៌របស់ប្រទេសថៃនឹងធ្វើឱ្យប្រលាក់ដៃខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា បានប្រើសំឡេងរបស់ខ្លួនប្រាប់ទៅកាន់ពិភពលោកថាប្រទេសថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុន។

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វណ្ណដា បានផុសចេញពីទឹកដីសហរដ្ឋអាម៉េរិកថា «មិនថាមានអ្វីកើតឡើង ខ្ញុំនឹងឈរជាមួយប្រទេសជាតិរបស់ខ្ញុំ និងភាពត្រឹមត្រូវជានិច្ច ពួកយើងស្រឡាញ់ និងចង់បានសន្ដិភាព ការលាបពណ៌របស់អ្នកនឹងធ្វើឱ្យប្រលាក់ដៃខ្លួនឯង។ វណ្ណដា ក៏បានប្រើហាសថេកចំនួន៤ជាភាសាអង់គ្លេសដែលមានអត្ថន័យថា ប្រទេសថៃជាអ្នកផ្តើមសង្គ្រាម , ឈរជាមួយកម្ពុជា , យើងត្រូវការសន្តិភាពមិនត្រូវការសង្គ្រាម និង យុត្តិធម៌សម្រាប់ប្រទេសកម្ពុជា #ThailandStartedTheWar #StandwithCambodia #WeWantPeaceNotWar #JusticeForCambodia។

ការបង្ហោះរបស់ វណ្ណដា បានធ្វើឱ្យមហាជនពេញចិត្តជាខ្លាំងព្រោះសំឡេងរបស់លោកពិតជាមានឥទ្ធិពលទៅទូទាំងពិភពលោក។ ការបង្ហោះរបស់ វណ្ណដា ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះមានការចែករំលែកជាច្រើននៅលើបណ្តាញសង្គម។

គួរឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា វណ្ណដា បានបង្ហោះសំណេរនៅលើផេកផ្លូវការដែលមានអ្នកតាមដានជិត៣លាននាក់ជាមួយនឹងសម្តីថា «សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ និងបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ជួយឃុំគ្រង ការពារថែរក្សា ដល់បងប្អូនកងទ័ពជួរមុខប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា»។ ខ្លឹមសាររបស់ វណ្ណដា ដែលបង្ហោះផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងមានអ្នកចុច Like ២៨០K ការបញ្ចេញមតិ ជាង៧០K និងមានការចែករំលែករហូតដល់ ២០K។ មិនត្រឹមតែប៉ណ្ណោះការបង្ហោះនេះបានធ្វើឱ្យថៃកើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំង៕