ប្រទេសថៃ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ពលរដ្ឋថៃបានរងរបួសចំនួន៣នាក់ ក្រោយពីកងទ័ពកម្ពុជាបានបាញ់គ្រាប់រ៉ុក្កែត BM-21 ចំនួន២គ្រាប់មកកាន់ភូមិអ្នកស្រុកនៅខេត្តសុរិន្ទ ហើយកងទ័ពថៃបានថ្កោលទោសកម្ពុជាយ៉ាងខ្លាំង ដែលប្រើប្រាស់អាវុធវាយប្រ.ហារបា.ញ់មកលើពលរដ្ឋថៃក្នុងទឹកដីថៃ ។
កងទ័ពថៃចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់អំពើហិង្សា និងអមនុស្សធម៌ ក្រោយពីកងទ័ពកម្ពុជាប្រើប្រាស់គ្រាប់រ៉ុក្កែត BM-21 ចំនួន២គ្រាប់ បាញ់មកកាន់ទីប្រជុំជននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ព្រំដែន ស្រុកកាបឈើង ខេត្តសុរិន្ទ កាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៤ ខេកក្កដា នេះ ។
ការបាញ់គ្រាប់រ៉ុក្កែត BM-21 ធ្វើឱ្យពលរដ្ឋថៃនៅខេត្តសុរិន្ទ រងរបួសចំនួន៣នាក់ ដែលធ្វើឱ្យអាជ្ញាធរថៃប្រញាប់ជម្លៀសពលរដ្ឋចេញពីលំនៅឋានយ៉ាងឆាប់រហ័សដើម្បីសុវត្ថិភាពអាយុជីវិត និងការខាតបង់ទ្រព្យសម្បត្តិ ។
នៅថ្ងៃទី២៤ ខែកក្កដា ស្ថាប័នពាក់ព័ន្ធផ្នែកកងទ័ពថៃកំពុងតាមដានស្ថានការណ៍ និងវាយតម្លៃស្ថានការណ៍យ៉ាងដិតដល់ ព្រមទាំងត្រៀមវិធានការទប់ទល់គ្រប់ផ្នែកជាមួយកម្ពុជា ហើយកងទ័ពថៃនឹងរាយការណ៍ព័ត៌មានក្តៅៗឱ្យពលរដ្ឋបានដឹងយ៉ាងលឿនបំផុត ៕










