រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ព្រមទាំងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា។

យោងតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការឆ្លើយតបការសម្រេចរបស់ថៃដែលសម្រេចចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជា និង បណ្ដេ.ញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក។

សម្រាប់កម្ពុជា ការបណ្តេ.ញមន្ត្រីទូតថៃ គឺជាវិធានការឆ្លេីយតបភ្លាមៗរបស់កម្ពុជា ចំពោះសកម្មភាពរបស់ថៃ ដែលបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន។

គួរឲ្យដឹងថា ស្ថានការណ៍តានតឹងដែលឈានដល់ការដកទូតរបស់ប្រទេសរៀងខ្លួននេះ បានចាប់ផ្ដើមឡើងពីភាគីថៃមុន ដោយជ្រើសយកការចោ.ទប្រកាន់កម្ពុជាថាបានបំពានច្បាប់អន្តរជាតិ ដាក់បង្កប់មីនថ្មីប្រឆាំងមនុស្ស បង្ករឲ្យទាហានថៃជាន់ផ្ទុះចំនួន២លើក ដែលលើកទី២នេះទើបកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឲ្យទាហានថៃចំនួន៥នាក់រងរបួស។

ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ច សន្ទនា និងបានជ្រើសរើសយកការប្រឈមមុខគ្នាជំនួសវិញ៕