កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា អភិបាលស្រុកផានុមដងរ៉ាក់ ខេត្តសុរិន្ទ បានអំពាវនាវឱ្យពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ដើម្បីបង្ហាញអត្តសញ្ញាណថៃទៅកាន់ពិភពលោក និងឱ្យពិភពលោកដឹងថា ថៃជាម្ចាស់ប្រាសាទ ។ ការស្លៀកឈុតប្រពៃណីនឹងអាចកាត់បន្ថយស្ថានការណ៍តានតឹងនៅប្រាសាទតាមាន់ធំ បើទោះជាពលរដ្ឋខ្មែរស្លៀកពាក់ស្រដៀងឈុតប្រពៃណីថៃមកលេងក៏ដោយ ។

អភិបាលស្រុកផានុមដងរ៉ាក់ ខេត្តសុរិន្ទ បាននិយាយកាលពីថ្ងៃទី២២ ខែកក្កដា ថា លោកចង់ឱ្យពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំឱ្យបានច្រើន ពីព្រោះវាពុំត្រឹមតែបង្ហាញពីភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីអត្តសញ្ញាណជាតិ ដែលថៃបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ។ ប៉ុន្តែលោកសំណូមពរឱ្យពលរដ្ឋថៃដែលមកលេងប្រាសាទតាមាន់ធំ ត្រូវតែបង្ហាញភាពថ្លៃថ្នូរ ពុំបង្កបញ្ហា និងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង ។
លោកជឿជាក់ថា ប្រសិនបើពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ នឹងអាចកាត់បន្ថយស្ថានការណ៍តានតឹងបាន បើទោះជាពលរដ្ឋខ្មែរស្លៀកពាក់ស្រដៀងឈុតប្រពៃណីថៃមកលេងក៏ដោយ ។ កន្លងមក គ្មានបញ្ហាធ្ងន់ធ្ងរកើតឡើងនៅប្រាសាទតាមាន់ធំទេ គឺមានតែភ្ញៀវទេសចរប៉ះពាក្យសម្តីគ្នាបន្តិចបន្តួច ប៉ុន្តែកងទ័ពអាចគ្រប់គ្រងស្ថានការណ៍បាន ដោយសារត្រៀមគម្រោងរួចអស់ហើយ ។

ការអំពាវនាវឱ្យពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ គឺក្រោយពីស្ត្រីថៃ២នាក់ បានស្លៀកឈុតប្រពៃណីមកដើរលេងប្រាសាទតាមាន់ធំ ហើយត្រូវបានពលរដ្ឋថៃសរសើរថា នេះជាគំនិតល្អមួយដែលថៃត្រូវតែបង្ហាញអត្តសញ្ញាណជាតិរបស់ខ្លួនទៅកាន់ពិភពលោក ដើម្បីឱ្យពិភពលោកដឹងថា ទីនេះ គឺជាប្រទេសថៃ ។ ក្រៅពីនេះ វានឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសមកលេងប្រាសាទបុរាណ បើទោះជាប្រាសាទនៅតាមព្រំដែនកំពុងមានបញ្ហាជាមួយប្រទេសកម្ពុជាក្តី ។
ស្ត្រីថៃម្នាក់ដែលស្លៀកឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ និយាយថា សប្បាយចិត្តដែលបានស្លៀកពាក់បែបនេះ វាជារឿងល្អ ។ ឈុតប្រពៃណី គឺត្រូវគ្នាជាមួយបរិយាកាសប្រាសាទ ខ្លួនចង់ឱ្យពលរដ្ឋថៃផ្សេងទៀតស្លៀកឈុតប្រពៃណីមកដើរលេងប្រាសាទឱ្យបានច្រើន ។
គួរបញ្ជាក់ថា តាំងពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ពលរដ្ឋថៃជាច្រើនបានសម្រុកមកលេងប្រាសាទតាមាន់ធំរបស់កម្ពុជា ដើម្បីផ្តល់កម្លាំងចិត្តកងទ័ពខ្លួន និងទាមទារភាពជាម្ចាស់កម្មសិទ្ធិលើប្រាសាទ ។ ពលរដ្ឋថៃមួយចំនួនបង្កបញ្ហា និងបង្ហាញអាកប្បកិរិយាពុំសមរម្យជាមួយពលរដ្ឋខ្មែរជាម្ចាស់ប្រាសាទ ខណៈកងទ័ពថៃពុំបានហាមឃាត់ពលរដ្ឋខ្លួនឡើយ ពេលនេះ ថៃអំពាវនាវឱ្យពលរដ្ឋស្លៀកឈុតប្រពៃណីមកលេងប្រាសាទដើម្បីឱ្យពិភពលោកយល់ច្រឡំ ។ នេះបញ្ជាក់ថា ជាគំនិតមិនល្អចង់បានប្រាសាទរបស់ប្រទេសជិតខាង តើពលរដ្ឋខ្មែរយល់ឃើញយ៉ាងណាដែរ?










