តារាចម្រៀង Original Song ចេន បានពោលសរសើរទៅកាន់ ពេជម្នី សេលីណា ដែលជាតារាចម្រៀងស្រករក្រោយថានាងជាមនុស្សពូកែនិងមានសំឡេងពីរោះ។ លើសពីនេះ ចេន ថែមទាំងទាយទុកមុនថាតារាចម្រៀងរូបនេះអនាគតនឹងល្បីខ្លាំង។

កាលពីពេលថ្មីៗនេះតារាចម្រៀង ចេន និង សេលីណា ដែលនាងជាតារាចម្រៀងក្នុង ផលិតកម្ម AKASA MUSIC បានសម្តែងរួមគ្នានៅក្នុងកម្មវិធី «តស់! យើងទៅច្រៀង ចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»។ បន្ទាប់ពីកម្មវិធីបានបញ្ចប់ ចេន បានចែករំលែកការបង្ហោះរបស់ សេលីណា កាលពីយប់ថ្ងៃទី២០ កក្កដា ជាមួយនឹងការសរសើរទៅកាន់សិស្សប្អូនថា «ប្អូនស្រី ពូកែណាស់សម្លេងពីរោះមែនទែន ខ្ញុំសុំទាយទុកមុនថាថ្ងៃក្រោយ គាត់នឹងធ្វើបានហើយ ល្បីឈ្មោះខ្លាំងមិនខាន តាមដាននិងគាំទ្រប្អូនផងណាទាំងអស់គ្នា»។
ទទួលបានការសរសើរពីរៀមច្បងក្នុងអាជីពសិល្បៈបែបនេះតារាចម្រៀងស្រី សេលីណា បានបង្ហាញថានាងមានកិត្តិយសនិងរំភើបណាស់ដែលបានសម្តែងជាមួយនឹងរៀមច្បង ចេន ។ សេលីណា បានសរសេរនៅលើបណ្តាញសង្គម ថានាងចូលចិត្តការច្រៀងរបស់ ចេន ជាយូរមកហើយ។
នាងបានចូលទៅខម្មិនលើការបង្ហោះរបស់ ចេន ជាមួយនឹងពាក្យពេចន៍ថា «អរគុណណាស់បងប្រុសដោយស្មោះត្រង់ខ្ញុំក៏ពិតជារំភើបនិងមានកិត្តិយសដែលបាន perform ជាមួយរៀមច្បង»។
សេលីណា ថា ចេន គឺជានិមិត្តសញ្ញាលើផ្នែកតន្រ្តីរបស់នាង នាងចូលចិត្តការច្រៀងរបស់ ចេន ជាយូរមកហើយ។ លើសពីនេះតារាចម្រៀងរូបនេះបានកោតសរសើរទឹកចិត្តល្អរបស់ ចេន ដែលព្យាយាមនិយាយឈ្មោះនាងដើម្បីឱ្យគ្រប់គ្នាបានស្គាល់នាង។
ពេជម្នី សេលីណា បានបង្ហាញខ្លួនជាតារាចម្រៀងក្នុងផលិតកម្ម AKASA MUSIC កាលពីឆ្នាំ២០២៤ ដែលនាងអាចច្រៀងនិងរាំបាន។ ក្នុងអាជីពសិល្បៈ បង្ហាញខ្លួនក្នុងរយៈ ពេលខ្លីនេះ សេលីណា ពុំទាន់ក្រសោបប្រជាប្រិយភាពបានច្រើននោះទេ ប៉ុន្តែនាងមាន ឱកាសបកស្រាយបទចម្រៀង «ស្មារតីជាខ្មែរ» ជាមួយរៀមច្បង ពេជ្រ សោភា និងលោក ហ្សូណូ៕










