ប្រទេសថៃ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ថៃរាយការណ៍ថា ស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា និងថៃតាំងពីចុងខែឧសភា ឆ្នាំ២០២៥ បានធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរត្រូវបញ្ឈប់ភ្លាមៗ ។ វាជាការបើកឱកាសឱ្យវៀតណាមទទួលបានចំណែកទីផ្សារនៅកម្ពុជាយ៉ាងឆាប់រហ័ស ជាពិសេស នៅរាជធានីភ្នំពេញ ខណៈកន្លងមក ទំនិញថៃមានចំណែកទីផ្សារច្រើននៅកម្ពុជា ។.png)
តាមសេចក្តីរាយការណ៍របស់ថៃ គឺត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ ទំនិញវៀតណាមបានចូលទីផ្សារកម្ពុជាយ៉ាងច្រើន រួមមាន ៖ នំកញ្ចប់ ទឹកដោះគោ សូកូឡា និងមី បើទោះជាមានទំនិញមកពីម៉ាឡេស៊ី ប៉ុន្តែទំនិញវៀតណាមអាចបំពេញតម្រូវការនៅកម្ពុជាច្រើនជាងទំនិញម៉ាឡេស៊ី ។ 
ជាក់ស្តែង ទឹកដោះគោវៀតណាម Dalat Milk បាននាំចូលកម្ពុជាជំនួសទឹកដោះគោថៃ ដូចជា ៖ CP-Meiji និង Dutch Mill ដោយសារកម្ពុជាមានព្រំដែនជាប់វៀតណាម ឡាវ និងថៃ ។ បើពាណិជ្ជកម្មរវាងកម្ពុជា-ថៃត្រូវបញ្ឈប់ភ្លាមៗ ខណៈឡាវពុំអាចនាំចេញទំនិញទៅកម្ពុជាគ្រប់គ្រាន់ នឹងធ្វើឱ្យវៀតណាមអាចនាំចេញទំនិញមកកម្ពុជាជំនួសថៃ ។

សារព័ត៌មានថៃរាយការណ៍ថា វៀតណាមអាចនាំចេញទំនិញមកកម្ពុជាយ៉ាងឆាប់រហ័សដើម្បីផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជា ស្របពេលកងទ័ពថៃបិទច្រកព្រំដែនផ្លូវគោកជាមួយកម្ពុជា ។ កន្លងមក ទំនិញថៃមានចំណែកទីផ្សារនៅកម្ពុជាខ្ពស់រហូតដល់២៥% ខណៈអតិថិជនកម្នពុជាចូលចិត្តទំនិញថៃ ប៉ុន្តែបច្ចុប្បន្ន ហាងលក់ទំនិញជាច្រើននៅកម្ពុជាមានគម្រោងយកទំនិញវៀតណាមមកលក់បន្ថែមទៀត ។

ក្រៅពីនេះ មានអាហារកែច្នៃវៀតណាមជាច្រើនដាក់លក់នៅទីផ្សារកម្ពុជា ខណៈក្រុមហ៊ុនធំៗរបស់វៀតណាម ដូចជា ៖ ក្រុមហ៊ុន Viettel (ទូរគមនាគមន៍), ក្រុមហ៊ុន BIDV (ធនាគារ), ក្រុមហ៊ុន Hoang Anh Gia Lia (កសិកម្ម ឧស្សាហកម្ម) និងក្រុមហ៊ុន Vietnam Rubber Group ក៏បានបង្កើតទីតាំងនៅកម្ពុជាដែរ ។ បច្ចុប្បន្ន កម្ពុជាខ្វះខាតទឹកដោះគោថៃ Meiji បើទោះជាក្រុមហ៊ុនក្នុងស្រុកព្យាយាមផលិត ប៉ុន្តែពុំគ្រប់គ្រាន់ ហើយអតិថិជនបានទិញទឹកដោះគោ UHT វិញ ។
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) ឱ្យដឹងថា ស្ថានការណ៍ព្រំដែនធ្វើឱ្យហាងលក់រាយនៅកម្ពុជាងាកទៅទិញទំនិញវៀតណាម ម៉ាឡេស៊ី និងអូស្ត្រាលី ខណៈអតិថិជនអាចសម្របខ្លួន និងទិញទំនិញមកពីប្រទេសផ្សេងៗក្រៅពីថៃ ។ បើស្ថានការណ៍ជម្លោះព្រំដែននៅតែអូសបន្លាយ វានឹងប៉ះពាល់ដល់អតិថិជនកម្ពុជារយៈពេលយូរ និងធ្វើឱ្យចំណែកទំនិញថៃនៅកម្ពុជាធ្លាក់ចុះ បើទោះជាថៃបើកព្រំដែនឡើងវិញនាថ្ងៃអនាគតក្តី ដោយសារអតិថិជនចូលចិត្តទំនិញប្រទេសផ្សេង ។.png)
ឈ្មួញនាំចេញទំនិញថៃទៅកម្ពុជាមួយចំនួនបានផ្លាស់ប្តូរការដឹកជញ្ជូនចាស់ទៅឆ្លងកាត់ប្រទេសឡាវ ឬវៀតណាម ដើម្បីចៀសវាងឧបសគ្គដោយសារការបិទព្រំដែនកម្ពុជា-ថៃ ។ ប៉ុន្តែការដឹកទំនិញតាមឡាវ និងវៀតណាម ពុំអាចបំពេញតម្រូវការទាំងបរិមាណ និងចំណាយថ្លៃដឹកជញ្ជូនខ្ពស់ បើធៀបនឹងការដឹកជញ្ជូនតាមព្រំដែនកម្ពុជា-ថៃ ហើយធ្វើឱ្យទំនិញប្រទេសផ្សងចូលមកដណ្តើមទីផ្សារកម្ពុជា ។
.png)
ទោះការដឹកជញ្ជូនទំនិញថៃទៅកម្ពុជាឆ្លងកាត់ឡាវ និងវៀតណាមដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជារយៈពេលខ្លី ប៉ុន្តែបើថៃនៅតែបន្តបិទព្រំដែនជាមួយកម្ពុជាយូរទៀត វានឹងធ្វើឱ្យដើមទុននាំចូលទំនិញទៅកម្ពុជាកើនឡើងខ្ពស់ក្លាយជាឧបសគ្គធំក្នុងការទិញ-លក់ទំនិញថៃនៅកម្ពុជា ។ លើសពីនេះ អាជីវករកម្ពុជានឹងទិញទំនិញប្រទេសផ្សេងវិញដែលអាចបញ្ជូនមកកម្ពុជាទាន់ពេល និងតម្លៃសមរម្យ ។

សរុបមក ការដឹកជញ្ជូនទំនិញតាមផ្លូវគោក គឺជាចំណុចខ្លាំងរបស់ទំនិញថៃ បើថៃពុំអាចដឹកទំនិញតាមផ្លូវគោកមកកម្ពុជារយៈពេលយូរ វានឹងប៉ះពាល់ការប្រកួតប្រជែងទំនិញថៃនៅទីផ្សារកម្ពុជាយូរអង្វែង បើទោះអតិថិជនកម្ពុជាចូលចិត្តទំនិញថៃក្តី ។ ប៉ុន្តែឥរិយាបថទីផ្សារអាចផ្លាស់ប្តូរបាន បើអតិថិជនពេញចិត្តទិញទំនិញប្រទេសផ្សេងដែលល្អជាងទំនិញថៃ ។ នេះបើយោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) ៕










