ដូចប្រិយមិត្តជ្រាបមកហើយថាលោក វណ្ណថាន ជាតារាចម្រៀងម្នាក់ដែលពូកែខ្លាំងលើ ឧបករណ៍បុរាណខ្មែរខណៈលោកអាច លេងឧបករណ៍ភ្លេងទាំង បុរាណនិងសម័យបាន រហូតដល់២៨ឯណោះ។ថ្មីៗនេះលោកក៏បានបញ្ចេញថ្វីដៃយ៉ាងស្ទាត់ជំនាញរបស់ខ្លួននៅឯការសម្តែងលើទឹកដីសហរដ្ឋអាម៉េរិក។
តាមរយៈវីដេអូខ្លីៗដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុក គេបានឃើញតារាចម្រៀង វណ្ណថាន ម្ចាស់បទ «កំលោះស្រុកខ្មែរ»ដែលច្រៀងរួមជាមួយនឹង វណ្ណដា បានលេងឧបករណ៍ភ្លេងរនាតនិងឃឹម ដោយបញ្ចេញសូរសំឡេងយ៉ាងពីរោះជក់ចិត្តដិតអារម្មណ៍។ ជារឿយៗតារាចម្រៀងរូបនេះតែងតែទទួលបានការសរសើរពីហ្វេនៗលើការលេងឧបករណ៍ភ្លេងខ្មែរប្រកបដោយអារម្មណ៍ស៊ីជម្រៅ។

ការសម្តែងនៅឯសហរដ្ឋអាម៉េរិកទៀតសោត វណ្ណថាន គឺទទួលបានសំឡេងហ៊ោកងរំពងពីអ្នកចូលរួមទស្សនាផ្ទាល់នៅទីនោះនៅពេលលោកលេងឧបករណ៍ភ្លេងខ្មែរប្រគំបទភ្លេងរួមបញ្ចូលនឹងភ្លេងសម័យយ៉ាងពីរោះរណ្តំ។ ក្រោយពីវីដេអូនេះបានចែករំលែកទស្សនិកជនក្នុងស្រុកក៏បានបញ្ចេញមតិសរសើរ វណ្ណថាន ផងដែរ។
អ្នកលេងបណ្តាញសង្គមទិកតុកបានបញ្ចេញមតិថា វណ្ណថាន គឺជាកំពូលមនុស្ស, វណ្ណដា ជោគជ័យក៏មានចំណែកពី វណ្ណថាន , មតិផ្សេងទៀតសរសើរថាកូនខ្មែរពិតជាឡូយខ្លាំង ហើយបទភ្លេងគឺពីរោះរណ្តំកាន់តែស្តាប់កាន់តែពីរោះ។អ្វីដែលកាន់តែចាប់អារម្មណ៍ទេពកោសល្យរបស់តារាចម្រៀងរូបនេះបានជំរុញឱ្យអ្នកគាំទ្រព្រួយបារម្ភខ្លាចតែមានជនជាតិថៃខ្លះយល់ច្រឡំថា វណ្ណថាន គឺជាថៃ។
អ្នកគាំទ្រម្នាក់បានសរសេរថា «ខ្លាចតែថៃ ថាគាត់ជារបស់ថៃទៀតទេខ្លាចដល់ហើយ…»។
គួរបញ្ជាក់ផងដែថា កន្លងមកនេះដោយសារតែការស្រលាញ់ខ្លាំងពេកពីអ្នកគាំទ្រមួយចំនួននៅក្នុងប្រទេសថៃអ្នកលេងបណ្តាញសង្គមថៃបានចូលទៅខម្មិនជាច្រើននៅលើទិកតុកថា វណ្ណដា គឺជាជនជាតិថៃ ហើយការខម្មិននេះបានធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកផ្ទុះសំណើចយ៉ាងខ្លាំង៕










