ថៃ៖ អតីតប្រធានបក្សប្រឆាំងថៃម្នាក់ ចេញមុខព្រ.មានពីស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ ដោយជំរុញឱ្យមេដឹកនាំយោធាមានការអត់ធ្មត់ និងរង់ចាំការចរចាការទូត ចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ ព្រោះកម្ពុជាព្យាយាមបង្កហេតុផ្សេងៗដើម្បីញុះញង់ឲ្យមានការផ្ទុះអា.វុ.ធ។ នេះបើយោងតាមសារព័ត៌មានថៃ The Nation។.jpg)
នាថ្ងៃសុក្រ ទី18 ខែកក្កដា ឆ្នាំ2025 លោក Thanathorn Juangroongruangkit ប្រធានចលនាវឌ្ឍនភាព និងជាអតីតមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខ បានធ្វើការពន្យល់នៅក្នុងកម្មវិធីមួយថា៖ យុទ្ធសាស្ត្ររបស់កម្ពុជា គឺដើម្បីទទួលបានផលប្រយោជន៍នៅលើឆាកអន្តរជាតិ តាមរយៈតុលាការ និងស្ថាប័នអន្តរជាតិ ដូចជាមហាសន្និបាតអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្តិសុខជាដើម។ លោកបន្តថា “អ្វីដែលកម្ពុជាចង់បានគឺការបង្កឲ្យមានអំពើហិង្សា។ ដូច្នេះរដ្ឋាភិបាល និងយោធាថៃត្រូវតែអត់ធ្មត់ និងជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេ ប្រសិនបើយើងធ្លាក់ចូលទៅក្នុងអន្ទាក់ ហើយមានជម្លោះកើតឡើងនាំឲ្យមានរបួសស្នាម នោះកម្ពុជានឹងទទួលបានភាពស្របច្បាប់នៅចំពោះមុខពិភពលោក”។

លោក Thanathorn បញ្ជាក់ថា បញ្ហាសំខាន់គឺធ្វើយ៉ាងណាឱ្យស្ថានការណ៍អាចដោះស្រាយចេញ ហើយអាចវិលមករកភាពដើមវិញ ។ លោកបានផ្តល់អនុសាសន៍ឱ្យប្រើប្រាស់គណៈកម្មាធិការបច្ចេកទេសរួម (JTC) មួយទៀតដើម្បីជួយសម្រួលដល់ការចរចា សម្រាប់ដំណោះស្រាយយ៉ាងឆាប់រហ័ស។
ទន្ទឹមនឹងនោះលោក Thanathorn ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីប្រជាប្រិយភាពរបស់យោធាដែលបានកើនឡើងយ៉ាងខ្លាំងដោយសារតែស្ថានភាពបច្ចុប្បន្ន ដោយហៅវាថាជាការអភិវឌ្ឍន៍ដ៏គួរឱ្យរំខាន។
លោកក៏បានររិះគន់សកម្មភាពរបស់រដ្ឋាភិបាលថៃ ដែលលោកមានអារម្មណ៍ថាយឺតពេក។ លោកបានបញ្ជាក់ដោយត្រង់ៗថា «យោធាមិនគួរធ្វើអត្ថាធិប្បាយលើបញ្ហាជម្លោះព្រំដែននេះទេ ហើយត្រូវតែធ្វើតាមការដឹកនាំរបស់រដ្ឋាភិបាលស៊ីវិល»៕










