ថៃ៖ បញ្ជាការដ្ឋានយោធាភូមិភាគទី២ របស់ថៃបានបញ្ជាក់ថា ៨០% នៃគ្រាប់មីនដែលមាននៅតំបន់ចុងបូកគឺជាគ្រាប់មីនថ្មីដែលទើបបង្កប់ និងទាមទារឲ្យកម្ពុជាបង្ហាញភស្តុតាង ប្រសិនបើកម្ពុជាចង់បដិសេធមិនទទួលខុសត្រូវថាខ្លួនមិនបានដាក់។ នេះបើយោងតាមសារព័ត៌មាន Khaosod នារសៀល ថ្ងៃទី១៩ ខែកក្កដា។
យោងតាមប្រភពខាងលើ នៅថ្ងៃសៅរិ៍ ទី១៩ ខែកក្កដា បានបង្ហាញពីរបាយការណ៍ទាក់ទងនឹងការវិវត្តនៃដំណើរការស៊ើបអង្កេតជុំវិញឧបទ្ទវហេតុដែលទាហានថៃបីនាក់ មកពីកងពលលេខ៦០២១ ដែលកំពុងបំពេញបេសកកម្មល្បាតរក្សាសន្តិភាពនៅតំបន់ចុងបូក បានដើរជាន់គ្រាប់មីនផ្ទុះ បណ្ដាលឲ្យរងរបួសដា.ច់ជើង និងរងរបួសធ្ងន់។

របាយការណ៍នោះបានបង្ហាញថា កាលពីម្សិលមិញ (១៨ កក្កដា) បញ្ជាការដ្ឋានយោធពលភូមិភាគទី២ បានបញ្ជូនអង្គភាពកម្ចាត់អាវុធជាតិផ្ទុះ (EOD) និងអង្គភាពធ្វើកោសល្យវិច្ច័យទៅកាន់តំបន់ចុងបូក នៅកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាងបន្ថែមពីប្រភេទនៃគ្រាប់មីននោះសម្រាប់ធ្វើការផ្ទៀងផ្ទាត់។
ជាមួយនឹងការប្រមូលភស្តុតាងនោះ គេបានរកឃើញថា ៨០ ភាគរយនៃការផ្ទុះគឺបណ្តាលមកពីមីនដែលទើបនឹងត្រូវបានគេដាក់បង្កប់ថ្មីៗ មិនមែនជាគ្រាប់មីនចាស់នោះទេ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការតំបន់កងទ័ពជើងគោក បានបង្កើតគណៈកម្មការស្រាវជ្រាវការពិត ដើម្បីរាយការណ៍ជូនថ្នាក់លើ និងចាត់ការបន្តតាមនីតិវិធីច្បាប់។

លើសពីនេះថៃបានបញ្ជាក់ថា៖ ទាក់ទិននឹងការអះអាងរបស់កម្ពុជា ដែលថាពួកគេមិនទទួលខុសត្រូវចំពោះការដាក់គ្រាប់មីន និងការសង្កេតរបស់ពួកគេថាតំបន់ជីករ៉ែនោះស្ថិតនៅខាងភាគីថៃនោះ មេបញ្ជាការបានអំពាវនាវឱ្យកម្ពុជាផ្តល់ភស្តុតាងលម្អិតដល់ភាគីថៃ។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះ (ទី១៩ កក្កដា) ខាងបញ្ជាការដ្ឋានយោធភូមិភាគទី២ កំពុងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺការពិតដល់សាធារណជនឲ្យបានដឹងច្បាស់។ ទន្ទឹមនឹងនេះ មេបញ្ជាការយោធភូមិភាគទី២ ក៏កំពុងធ្វើដំណើរទៅពិនិត្យស្ថានការណ៍នៅប្រាសាទតាមាន់ធំ ក្នុងខេត្តសុរិន្ទដោយផ្ទាល់ផងដែរ៕










