អ្នកជំនាញប្រាប់ថា ស្មាតហ្វូនសម័យទំនើបភាគច្រើនត្រូវបានរចនាឡើងដោយប្រើបច្ចេកវិទ្យាឆ្លាតវៃ ដែលអាចការពារការសាកថ្មលើសកម្រិត។ ដូច្នេះការសាកថ្មទូរស័ព្ទទុកចោលពេញមួយយប់គឺជារឿងសុវត្ថិភាពជាទូទៅ។ តួរយ៉ាង ក្រុមហ៊ុនផលិតទូរស័ព្ទដូចជា Apple និង Samsung បានបញ្ជាក់ថា ទូរស័ព្ទរបស់ពួកគេនឹងបញ្ឈប់សាកដោយស្វ័យប្រវត្តិ នៅពេលថ្មពេញ ១០០% ដោយប្រើឈីបការពារ និងកម្មវិធីសាកថ្មឆ្លាតវៃ។ ប៉ុន្តែ តើទូរស័ព្ទម៉ូឌែលចាស់ៗអាចបង្កបញ្ហាដែរឬទេ?
សម្រាប់ទូរស័ព្ទម៉ូដែលចាស់ៗ វាអាចនឹងបន្តទាញថាមពលបន្តិចបន្តួច ដើម្បីរក្សាថ្មឲ្យនៅពេញ ដោយគេស្គាល់ថាជា “trickle charging” ដែលអាចបណ្តាលឲ្យសមត្ថភាពថ្មធ្លាក់ចុះបន្តិចម្ដងៗ។ ទោះយ៉ាងណា ទូរស័ព្ទម៉ូឌែលថ្មីៗ បានកែប្រែប្រព័ន្ធសាកថ្មឲ្យប្រសើរឡើង ដើម្បីកាត់បន្ថយបញ្ហានេះ។ នេះបើយោងតាមព័ត៌ព័ត៌មានពី PCMag។
ជាឧទាហរណ៍ដូចជា Apple មានមុខងារ Optimized Battery Charging ដែលអាចរៀនពីទម្លាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក ហើយពន្យារពេលសាកថ្មឲ្យពេញរហូតដល់ពេលដែលអ្នកយកមកប្រើប្រាស់។ នៅពេលថ្មជិតពេញដល់ ១00% ចរន្តសាកត្រូវបានកាត់បន្ថយជាបណ្តើរៗដើម្បីកំណត់ការឡើងកំដៅ ដែលជាកត្តាសំខាន់នាំឲ្យខូចថ្ម។
ទោះបីការសាកថ្មលើសមិនមែនជាបញ្ហាទៀតទេសម្រាប់ស្មាតហ្វូនសម័យថ្មីៗក៏ដោយ ប៉ុន្តែអ្នកជំនាញណែនាំមិនឲ្យទុកថ្មពេញ ១០០% នៅយូរពេកទេ។ ថ្ម Lithium-ion អាចរក្សាបានយូរប្រសើរជាង ប្រសិនបើវាស្ថិតនៅក្នុងចន្លោះ ២០% ដល់ ៨០%។ ដូចនេះជំនួសឲ្យចាំដល់ថ្មអស់ដល់ ០%ចាំសាក អ្នកគួរសាកបន្ថែមជាញឹកញាប់តិចៗ វាល្អជាង។
គួររំលឹកថា ប្រសិនបើអ្នកសាកថ្មទូរសព្ទនៅពេលយប់ សូមដកវាចេញនៅពេលអ្នកក្រោកពីគេង ឬប្រើឆ្នាំងសាកឆ្លាតវៃ(smart plug) ដែលបិទដោយស្វ័យប្រវត្តិ។
លើសពីនេះ មិនគួរគ្របទូរសព្ទពេលកំពុងសាកថ្មនោះទេ មិនថាគ្របជាមួយសៀវភៅ ឧបករណ៍ផ្សេងៗទៀត ឬសូម្បីតែទុកក្រោមខ្នើយ ឬភួយ ព្រោះកម្ដៅអាចធ្វើឲ្យថ្មខូច។
ម៉្យាងវិញទៀត គួរប្រើតែខ្សែសាក និងអាដាប់ទ័រដែលមានវិញ្ញាបនបត្រមានការទទួលស្គាល់ប៉ណ្ណោះ។ គ្រឿងបន្លាស់ដែលមិនមានការបញ្ជាក់ច្បាស់លាស់អាចមិនមានស្តង់ដារសុវត្ថិភាពឡើយ និងអាចបណ្តាលឱ្យឡើងកំដៅ ឬកាត់បន្ថយប្រសិទ្ធភាពនៃការសាកថ្ម៕