បុរសពីរនាក់នៅប្រទេសអង់គ្លេសត្រូវបានដាក់ទោសជាង ៤ ឆ្នាំក្នុងពន្ធនាគារ ក្រោយពីពួកគេបានកាប់ដើមឈើល្បីមួយដើម ដែលជាសម្បត្តិធម្មជាតិសំខាន់បំផុតមួយក្នុងប្រទេស។ ដើមឈើនេះមានឈ្មោះថា Sycamore Gap Tree ដែលមានអាយុជាង ២០០ ឆ្នាំ ហើយមានទីតាំងនៅជិត ជញ្ជាំង Hadrian ដែលជាតំបន់ទេសចរណ៍ធម្មជាតិ នៅតំបន់ភាគខាងជើងចក្រភពអង់គ្លេស។ ដើមឈើនេះមិនត្រឹមតែជាកន្លែងទេសរចណ៍ដ៏ល្បីប៉ុណ្ណោះទេ ថែមទាំងបានលេចមុខក្នុងខ្សែភាពយន្ត និងត្រូវបានចាត់ទុកជាសម្បត្តិជាតិផងដែរ។
បុរសទាំងពីរនាក់នោះ គឺ Daniel Graham អាយុ ៣៨ ឆ្នាំ និង Adam Carr អាយុ ៣១ ឆ្នាំ បានសារភាពទោសថា ពួកគេបានកាប់ដើមឈើនេះនៅខែកញ្ញា ឆ្នាំ២០២៣។ ពេលវេលានោះ មនុស្សជាច្រើននៅទូទាំងប្រទេស ស្ទើរតែមិនជឿថាដើមឈើដែលមានអត្ថន័យសំខាន់ដល់ប្រជាជនជាតិ ត្រូវបានកាប់បំផ្លាញដោយសាររឿងមិនចាំបាច់។
ចៅក្រមក្នុងសំណុំរឿងនេះបានលើកឡើងថា សកម្មភាពរបស់ពួកគេគឺ អាត្មានិយម បង្កគ្រោះថ្នាក់ និងបំផ្លាញដោយចេតនា ហើយប្រហែលជាពួកគេធ្វើនេះដើម្បីទាមទារចំណាប់អារម្មណ៍ ឬគ្រាន់តែចង់អួតប៉ុណ្ណោះ។ ពួកគេមិនត្រឹមតែបំផ្លាញដើមឈើទេ ប៉ុន្តែបានបង្កការខូចខាតដល់ ជញ្ជាំង Hadrian ដែលជាកន្លែងសម្បត្តិពិភពលោក (UNESCO World Heritage Site) ផងដែរ។
.png)
យ៉ាងណាមិញ ដោយសារតែការខូចខាតធ្ងន់ធ្ងរ ទាំងផ្នែកបរិស្ថានធម្មជាតិ និងតំបន់ប្រវត្តិសាស្ត្រ តុលាការបានសម្រេចផ្តន្ទាទោសធ្ងន់ធ្ងរ។ លោក Graham ត្រូវបានផ្តន្ទាទោស ១៦ ខែក្នុងពន្ធនាគារសម្រាប់ការបំផ្លាញដើមឈើ និង ៣ ឆ្នាំ ៦ ខែសម្រាប់បំផ្លាញជញ្ជាំង ហើយត្រូវបន្តទោសទាំងពីរនេះជាលំដាប់។ ចំណែកលោក Carr ក៏ត្រូវទោសជាង ៤ ឆ្នាំ ផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេទាំងពីរក៏នឹងត្រូវបង់ប្រាក់ពិន័យបន្ថែមទៀត។
.png)
ប្រជាជននៅអង់គ្លេស និងទូទាំងពិភពលោក បានបង្ហាញអារម្មណ៍សោកស្តាយ និងខឹងសម្បារយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។ ក្រុមអ្នកអភិរក្សធម្មជាតិ អ្នកប្រវត្តិសាស្ត្រ និងប្រជាជនក្នុងសហគមន៍បាននិយាយថា ព្រឹត្តិការណ៍នេះដូចជាការបាត់បង់ផ្នែកមួយនៃបេះដូងរបស់ប្រទេសជាតិ។
បច្ចុប្បន្ននេះ មន្ត្រីនៅតំបន់កំពុងពិចារណាចំពោះការដាំដើមឈើថ្មីមួយឡើងវិញ ដោយប្រើគ្រាប់ពូជ ឬពន្លកដែលចេញពីដើម Sycamore Gap Tree ប៉ុន្តែវាអាចត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីឲ្យដើមឈើថ្មីនេះលូតលាស់ដូចដើមវិញ។ .png)
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ (ថ្ងៃទី ១១ ខែកក្កដា) គេបានយកបំណែកខ្លះនៃដើមឈើដែលបានកាត់នោះ ប្រវែង ២.១៣ ម៉ែត្រ ទៅដាក់តាំងជាសិល្បិះអចិន្ត្រៃយ៍ នៅក្នុងមជ្ឈមណ្ឌលស្វាគមន៍ភ្ញៀវទេសរចនៃ ឧទ្យានជាតិ Northumberland ដើម្បីជាការរំលឹកអនុស្សាវរីយ៍ដល់ដើមឈើដែលពេញនិយមនោះ។ នេះបើយោងតាមសារព័ត៌មាន The New York Times ៕










