បន្ទាប់ពីលោក ភូមិថាំ វៈឆៈយៈឆៃ ដែលបច្ចុប្បន្នជានាយករដ្ឋមន្រ្តីស្ដីទីថៃ បាននិយាយប្រមា.ថមកកាន់សម្ដេចតេជោ ហ៊ុនសែន ថាគ្មានតម្លៃគ្រប់គ្រាន់ក្នុងការចរចាជាមួយនោះ សម្ដេចតេជោ បានធ្វើការឆ្លើយតបបែបទះកំភ្លៀងទៅកាន់លោកភូមីថាំវិញថា «បើហ៊ុន សែន គ្មានតម្លៃសម្រាប់ការចរចា ហេតុអ្វីបានជាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកនិងអតីតនាយករដ្ឋមន្រ្តីដែលកំពុងព្យួរតំណែង ត្រូវរង់ចាំ៤ម៉ោងដើម្បីចាំជួបខ្ញុំតាមទូរស័ព្ទ?»
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក សម្ដេចតេជោ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមលោកភូមិថាំ និង នាយករដ្ឋមន្រ្តីកំពុងព្យួរតំណែង អ៊ុងអ៊ីង បានចាត់ទុកសម្ដេចជាមនុស្សមានតម្លៃដែលអស់ពួកគេយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ពួកគេបែរជានិយាយថា សម្ដេចមិនមានតម្លៃក្នុងការចរចាទៅវិញ។ សម្ដេចចោ.ទសួរថា «តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?»
សម្ដេចតេជោបានបន្តទៀតថា «សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។ កាលពីមុនក៏ដូចជាថ្ងៃនេះ លោកតែងប្រាប់ជនជាតិថៃថា កុំឲ្យស្តាប់លោក ហ៊ុន សែន ពេក តើលោកខ្លាចបណ្តាញសង្គមដែលខ្ញុំបង្ហោះសារចេញមែនទេ?»
សម្ដេចបន្ថែមថា «ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អ៊ីង កន្លងមក។ ជូនពរលោកប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិច។».jpg)
គួរឲ្យដឹងថា កាលពីថ្ងៃពុធ ទី១៦ កក្កដា ម្សិលមិញនេះ នៅចំពោះមុខអ្នកសារព័ត៌មានថៃជាច្រើន លោក ភូមិថាំ វៈឆៈយៈឆៃ បានផ្ដាំទៅកាន់ពលរដ្ឋថៃទាំងអស់ឲ្យមានការអត់ធ្មត់ទាក់ទងនឹងបញ្ហានៅតំបន់ប្រាសាទ និងប្រាប់ពលរដ្ឋកុំឲ្យជឿតាមពាក្យញុះញង់របស់សម្ដេច ហ៊ុន សែន អី។ ជាងនេះទៅទៀត លោកភូមិថាំ បានបញ្ជាក់ថា សម្ដេចហ៊ុន សែន ពុំមែនជាមេដឹកនាំផ្លូវការរបស់កម្ពុជាទេ ដូច្នេះលោកគ្មានតម្លៃអ្វីត្រូវចរចាជាមួយនោះឡើយ។ ប៉ុន្តែលោកភូមិថាំ មិនបានរំលឹកទេថា លោកខ្លួនឯងផ្ទាល់កាលពីមួយខែមុន បានសុខចិត្តរង់ចាំអស់៤ម៉ោង ដើម្បីស្នើសុំជួបតាមទូរស័ព្ទជាមួយសម្ដេច៕










