ញូយ៉ក ៖ ដុំថ្មទម្ងន់ 54 ផោន (25 គីឡូក្រាម) ដែលជាបំណែកដ៏ធំបំផុតមួយនៃភពអង្គារបានធ្លាក់មកលើភពផែនដី ត្រូវបានគេដាក់ដេញថ្លៃនៅទីក្រុងញូយ៉ក ក្នុងតម្លៃចាប់ពី២លាន ទៅ៤លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC News របស់សហរដ្ឋអាមេរិក។
កាលពីថ្ងៃចន្ទ ទី១៣ កក្កដា សារព័ត៌មានមួយនេះបានឲ្យដឹងថា នៅសាលដេញថ្លៃ Sotheby’s ក្នុងទីក្រុងញូវយ៉ក បានដាក់លក់ដេញថ្លៃនូវអ្វីដែលគេស្គាល់ថា NWA 16788 ដែលជាផ្នែកមួយនៃការលក់វត្ថុបែបប្រវត្តិសាស្ត្រធម្មជាតិ និងគ្រោងឆ្អឹងដាយណូស័រ Ceratosaurus វ័យក្មេងដែលមានកម្ពស់ជាង 6 ហ្វីត (2 ម៉ែត្រ) និងជិត 11 ហ្វីត (3 ម៉ែត្រ) ផងដែរ។
.png)
Sotheby’s និយាយថា៖ ថ្មអាចម៍ផ្កាយនេះត្រូវបានគេជឿថា បានហោះចេញពីផ្ទៃនៃភពព្រះអង្គារ បន្ទាប់ពីមានការវា.យប្រហារដោយអាចម៍ផ្កាយដ៏ធំមួយផ្សេងទៀតនៅក្នុងលំហ មុនពេលថ្មភពអង្គារនេះធ្វើដំណើរចម្ងាយ 225 លានគីឡូម៉ែត្រមកកាន់ផែនដី ធ្លាក់ចូលទៅក្នុងតំបន់សាហារ៉ា ប្រទេស Niger ក្នុងខែវិច្ឆិកា ឆ្នាំ 2023 និងត្រូវបានរកឃើញដោយអ្នកអង្កេតអាចម៍ផ្កាយម្នាក់។

មូលហេតុដែលថ្មអាចម៍ផ្កាយមួយដុំនេះ អាចដាក់ដេញថ្លៃបានក្នុងតម្លៃដ៏ថ្លៃបែបនេះ គឺដោយសារតែកត្តាធំៗចំនួន ៥ រួមមាន៖ ១. វាជាបំណែកនៃអង្គធាតុក្រៅភពដែលកម្របំផុត។ ២. វាជាបំណែកនៃអង្គធាតុក្រៅភពធំបំផុតដែលត្រូវបានរកឃើញ។ ៣. វាផ្ដល់ផលប្រយោជន៍ខ្ពស់សម្រាប់ការសិក្សាផ្នែកវិទ្យាសាស្រ្ត និងការវិវត្តន៍នៃធាតុអាកាសនៅក្នុងលំហ។ ៤. ទីផ្សាប្រកួតប្រជែងរបស់មហាសេដ្ឋីដែលចូលចិត្តប្រមូលទិញវត្ថុកម្រ។ ៥. ឥទ្ធិពលនៃ Sotheby’s ដែលជាសាលដេញថ្លៃវត្ថុដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។
គួរឲ្យដឹងថា ថ្មភពអង្គារមួយដុំនេះ គឺជាប្រភេទថ្មភ្នំភ្លើងដ៏កម្រដែលគេស្គាល់ថាជា olivine-microgabbroic shergottite មានប្រហែល 400 ដុំប៉ុណ្ណោះដែលត្រូវបានរកឃើញនៅលើផែនដី ប៉ុន្តែមានតែមួយដុំនេះគត់ ដែលអាចយកជាគំរូបាន ព្រោះវាមានប្រហែល 7% នៃវត្ថុធាតុភពអង្គារទាំងអស់ដែលគេបានស្គាល់។ ជាងនេះទៅទៀត វាក៏បានផ្ដល់នូវការយល់ដឹងបន្ថែមទៀតសម្រាប់មនុស្សលើភពផែនដី អំពីសណ្ឋានដី និងវដ្តជីវិតដែលអាចចាប់ផ្ដើមកើតមាននៅភពអង្គារផងដែរ។.jpg)
ការដេញថ្លៃនេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ “Geek Week” ប្រចាំឆ្នាំរបស់ Sotheby ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 16 ខែកក្កដា ដោយមានអ្នកចូលរួមមកពីជុំវិញពិភពលោកយ៉ាងអធិកអធម។ ទោះជាយ៉ាងណា មិនថាចុងបញ្ចប់វាត្រូវបានគេដេញថ្លៃយកទៅធ្វើជាកម្មសិទ្ធិឯកជន ឬតាំងនៅសារមន្ទីរនោះទេ ប៉ុន្តែ «ថ្មភពអង្គារ» មួយនេះ គឺជាការរំលឹកថាផែនដីមិនមែនជាភពតែមួយគត់ក្នុងលំហនោះទេ៕










