សុរិន្ទ៖ ក្រសួងការពារជាតិថៃប្រកាសចាប់ខ្លួន អតីតអនុរក្សយោធាថៃ ដែលឡើងមកទស្សនាប្រាសាទតាមាន់ធំក្នុងនាមជាភ្ញៀវទេសចរម្នាក់ និងបានដាល់ទាហានខ្មែររួចរត់គេចខ្លួន ព្រមទាំងបកស្រាយថាការណ៍នេះ គឺជាបញ្ហាផ្ទាល់ខ្លួននិងមិនទាក់ទងនឹងការបញ្ជាណាមួយឡើយ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានបាងកកប៉ុស្តិ៍។

ឧត្តមសេនីយទោ Winthai Suvaree អ្នកនាំពាក្យនៃកងយោធពលភូមិន្ទថៃ បាននិយាយនាយប់ថ្ងៃអាទិត្យថា៖ ក្រុមការងារ Suranaree បានរាយការណ៍នៅម៉ោង 10.20 ព្រឹកថា មានអ្នកទេសចរថៃបានម្នាក់ បានវា.យទាហានខ្មែរ ដែលជាក្រុមសម្របសម្រួលនៅប្រាសាទតាមាន់ធំ។ ក្រុមការងារ Suranareeបានបន្ថែមថា៖ ក្រោយពីបង្ករសកម្មភាពនេះរួច បុរសភ្ញៀវទេសចរនោះបានរត់គេចខ្លួន ប៉ុន្តែក្រោយមកក៏ត្រូវបានមន្រ្តីថៃចាប់ខ្លួនបាន។

អ្នកនាំពាក្យកងទ័ពបានកំណត់អត្តសញ្ញាណបុរសនោះថាជាអតីតអនុរក្សយោធាម្នាក់ឈ្មោះ Sommai Srisukranan ដែលធ្លាប់ជាប្រធានក្លឹបអនុរក្សយោធានៅជំរុំ Pak Thong Chai ក្នុងខេត្ត Nakhon Ratchasima និងជាបណ្តាញអតីតយុទ្ធជនសង្គ្រាមនៅខេត្ត Samut Sakhon ។

ប្រភពដដែលបានអះអាងថា ដោយសារតំបន់ដែលមានឧបទ្ទវហេតុខាងលើកើតឡើងជាតំបន់ទេសចរណ៍ ដូច្នេះមន្ត្រីយោធាថៃបានឈានដល់ការយោគយល់គ្នាជាមួយជនរងគ្រោះរួចហើយ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងភាគីទាំងពីរ។ ចំពោះជនដៃដល់សមត្ថកិច្ចជំនាញនឹងចាត់ការតាមនីតិវិធីច្បាប់។

ក្រោយប្រកាសពីការចាប់ខ្លួនបុគ្គលខាងលើ ក្រសួងការពារជាតិថៃក៏បានចេញមកបកស្រាយផងដែរថា៖ ជនដៃដលដែលបង្ករបញ្ហានេះ មិនបានបម្រើការនៅក្នុងក្របខណ្ឌរដ្ឋទៀតនោះទេ ហើយទង្វើនេះគឺជាបញ្ហាផ្ទាល់ខ្លួន ដែលមានចិត្តគុំគួននិងមិនពេញចិត្តជាមួយកងកម្លាំងទាហានខ្មែរ មិនពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់មន្រ្តីយោធាឡើយ។

ខណៈដែលក្រសួងការពារជាតិថៃបានសម្រេចចាប់ខ្លួន និងធ្វើការបញ្ជាក់ពីសមាសភាពបុគ្គលខាងលើបែបនេះ ប្រជាជនថៃជាច្រើនបានបង្ហាញពីភាពមិនសប្បាយចិត្តនឹងចំណាត់ការរបស់រដ្ឋាភិបាលឡើយ។ ពួកគេបានចាត់ទុក លោក Sommai ដែលដាល់មុខទាហានខ្មែរហើយរត់នោះថាជា «អ្នកក្លាហាន» ជាមួយនឹងការលើកឡើងនៅក្នុងខមិនថា «អរគុណដែលបង្ហាញភាពខ្លាំងជំនួសប្រជាជនថៃ លោកបានធ្វើឲ្យពួកយើងរំជួលចិត្តណាស។» «ទង្វើបែបនេះ ប្រសិនបើធ្វើនៅខ្មែរ ប្រហែលជាមានអ្នកសរសើនិងជូនរង្វាន់មិនខាន» «តោះខ្ញុំសុំលេខទំនាក់ទំនងគាត់បានទេ? ខ្ញុំចង់ជួយធានាគាត់»។

ទោះជាយ៉ាងណា ហេតុការណ៍ខាងលើនេះត្រូវបានបញ្ចប់ទៅវិញរួចរាល់ជាមួយនឹងការសម្រុះសម្រួលពីសំណាក់ភាគីថៃ។ ជាងនេះទៅទៀត ក្រសួងការពារជាតិថៃបានសម្ដែងនូវការសោកស្ដាយ ចំពោះបញ្ហាដែលបានកើតឡើង ហើយក្រសួងធានាថានឹងដោះស្រាយនេះដោយអនុវត្តតាមនីតិវិធីច្បាប់៕