សត្វសមុទ្រតូចមួយដែលមានឈ្មោះថា Blue sea dragon ឬ Glaucus atlanticus ឬហៅជាភាសាខ្មែរថា នាគសមុទ្រខៀវកំពុងទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោក។ យ៉ាងណាមិញ ទោះបីជាវាមើលទៅដូចសត្វនៅក្នុងគំនូរជីវចល ឬដូចជាចាហួយ ដែលមានប្រវែងត្រឹមតែ ៣ សង់ទីម៉ែត្រក៏ពិតមែន ប៉ុន្តែប្រភេទសត្វខ្យងសមុទ្រដ៏ស្រស់ស្អាតនេះមានអាថ៌កំបាំងដ៏ធំមួយ គឺវាជាសត្វសមុទ្រដែលមានគ្រោះថ្នាក់ខ្លាំងណាស់។

សត្វនាគសមុទ្រពណ៌ខៀវ គឺជាប្រភេទសត្វខ្យងសមុទ្រដែលគ្មានសំបក មានពណ៌ខៀវខ្ចី ដែលអណ្តែតលើផ្ទៃសមុទ្រ។ វាមានពោះពណ៌ខៀវភ្លឺចាំង និងខ្នងពណ៌ប្រផេះប្រាក់ ដែលជួយឱ្យវាលាក់ខ្លួនពីសត្វប្រម៉ាញ់បានទាំងខាងលើ និងខាងក្រោម។ ពណ៌ពិសេសរបស់វាផ្តល់ឱ្យវានូវឈ្មោះហៅក្រៅជាច្រើន រួមទាំង ទេពធីតាពណ៌ខៀវ សត្វអណ្ដែតលើសមុទ្រ ឬសត្វខ្យងនាគជាដើម។
ជាទូទៅ សត្វទាំងនេះរស់នៅក្នុងមហាសមុទ្រអាត្លង់ទិក ឥណ្ឌា និងប៉ាស៊ីហ្វិក ហើយត្រូវបានគេប្រទះឃើញជាញឹកញាប់ នៅជិតប្រទេសអូស្ត្រាលី អាហ្រ្វិកខាងត្បូង អឺរ៉ុប និងសូម្បីតែអាមេរិក។ ពួកវាអណ្តែតឡើងលើផ្ទៃទឹក ដែលដោយខ្យល់បក់ និងចរន្តទឹកសមុទ្រ។
ទោះជាយ៉ាងណា បើទោះបីជាវាមើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងគ្មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែ Blue sea dragon ជាសត្វស៊ីសត្វមានពិសជាអាហារ ដូចជាសត្វ Portuguese man o’ war ជាដើម ដែលសត្វនេះមានរូបរាងដូចជាសត្វខ្ញែសមុទ្រដែរ ហើយអាចខាំមនុស្សឲ្យរបួសបានយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះពេលស៊ីរួចវាមិនបោះចោលពិស (nematocysts) ពីចំណីរបស់វាទេ គឺវារក្សាទុកវានៅក្នុងខ្លួនរបស់វា។ ហើយនៅពេលដែលសត្វដទៃ ឬមនុស្សទៅប៉ះវា វានឹងបញ្ចេញជាតិពុលនោះ ដើម្បីការពារខ្លូន។ ប្រសិនបើនរណាម្នាក់បានប៉ះវា អាចបណ្តាលឱ្យមានការឈឺចាប់ខ្លាំង ដូចជាហើម ឬសូម្បីតែប្រតិកម្មអាលែហ្សីជាដើម។
សត្វនាគសមុទ្រពណ៌ខៀវមានអវយវៈដូចជាម្រាមដៃជាច្រើន ដែលគេហៅថា cerata អាចជួយវាឱ្យអណ្តែត និងរក្សាទុកពិស។ ត្បិតតែជាសត្វសមុទ្យពិតមែន ប៉ុន្តែវាមិនចេះហែលទឹកទេ គឺវាប្រើពពុះនៅក្នុងពោះរបស់វាដើម្បីរក្សាលំនឹងនៅលើផ្ទៃសមុទ្រ។ មួយវិញទៀត វាជាសត្វដែរមានភេទពីរ មានន័យថាវាមួយក្បាលអាចមានទាំងភេទញ្ញី និងភេទឈ្មោល ដូច្នេះនាគសមុទ្រទាំងពីរ មួយណាក៏អាចបន្តពូជបានដែរ។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ឃើញថា សត្វនាគសមុទ្រពណ៌ខៀវត្រូវបានគេប្រទះឃើញនៅលើផ្ទៃទឹកញឹកញាប់ជាងមុន ដែលនេះប្រហែលជាដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរចរន្តទឹកសមុទ្រ។ ដូចនេះនៅពេលអ្នកចុះលេងទឹកសមុទ្រ គួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការប៉ះពាល់ ឬលេងជាមួយវា ដើម្បីសុវត្ថិភាពរបស់អ្នក៕










