លោក Bill Gates លែងជាមហាសេដ្ឋីកំពូលទាំង 10 ទៀតហើយ ដោយសារការធ្វើបច្ចុប្បន្នភាពរបស់ Bloomberg ឥឡូវនេះបានកែសម្រួលទ្រព្យសម្បត្តិសុទ្ធរបស់គាត់ចុះក្រោម ដើម្បីផ្គូផ្គងនឹងផែនការផ្តល់បរិច្ចាគរបស់គាត់។ ជាលទ្ធផលចំណាត់ថ្នាក់របស់គាត់បានធ្លាក់ចុះពីលេខ 5 មកលេខ 12 ដែលធ្វើអោយគាត់បានខ្ទាតចេញពីតារាងកំពូលទាំង 10 ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត។

យោងតាមការគណនារបស់ Bloomberg Billionaires Index កាលពីថ្ងៃទី៣ ខែកក្កដា ដែលបានធ្វើបច្ចុប្បន្នភាពលើទ្រព្យសម្បត្តិរបស់លោក Gates នេះ គឺដើម្បីដឹងពីចំនួននៃទ្រព្យសម្បត្តិដែលនៅសេសសល់របស់គាត់ឱ្យកាន់តែច្បាស់ សម្រាប់ការរួមចំណែកសប្បុរសធម៌ និងការប្រកាសទ្រព្យសម្បត្តិ។ 
ទស្សនាវដ្តី Fortune បានរាយការណ៍ថាលោក Bill Gates ដែលធ្លាប់បានកាន់តំណែងជាអ្នកមានបំផុតក្នុងពិភពលោករយៈពេល 18 ឆ្នាំកាលពីមុនបានធ្លាក់មកចំណាត់ថ្នាក់ទី 5 មុនពេលការកែប្រែថ្មីនេះ។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់នោះគឺ លោក Steve Ballmer ជាអតីតសហសេវិក Microsoft និងជាដៃស្តាំរបស់លោក Bill Gates ពេលនេះកាន់កាប់តំណែងចាស់របស់គាត់នៅលើតារាងកំពូលមហាសេដ្ខីជាមួយនឹងទ្រព្យសម្បត្តិចំនួន 174 ពាន់លានដុល្លារ។
គួរឲ្យដឹងថា លោក Gates ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មានបំណងលះបង់ទ្រព្យសម្បត្តិរបស់គាត់មួយផ្នែកធំ ហើយគោលដៅនោះ ពេលនេះត្រូវបានឆ្លុះបញ្ចាំងជាបណ្ដើរតាមរយៈទ្រព្យសម្បត្តិរបស់គាត់ដែលនៅសល់នេះ។ ប៉ុន្តែវានឹងមិនបញ្ចប់ត្រឹមនេះនោះទេ ដោយលោក Gates បានអះអាងបន្ថែមទៀតថា “ខ្ញុំនឹងលះបង់ទ្រព្យសម្បត្តិរបស់ខ្ញុំឱ្យស្ទើរតែទាំងអស់ តាមរយៈមូលនិធិ Gates ក្នុងរយៈពេល 20 ឆ្នាំខាងមុខ ដើម្បីជាបុព្វហេតុនៃការជួយសង្គ្រោះ និងធ្វើឱ្យជីវិតនៅលើពិភពលោកកាន់តែប្រសើរឡើង” ។
អតីតមហាសេដ្ឋីកំពូលរបស់ពិភពលោក ដែលបច្ចុប្បន្នមានវ័យ៧០ឆ្នាំរូបនេះ បានផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CBS News ថា “មែនហើយ! ខ្ញុំសង្ឃឹមថាខ្ញុំនៅសល់ពេលច្រើនជាងនេះ។ ប៉ុន្តែខ្ញុំត្រូវតែនិយាយថា នេះគឺជាផ្នែកចុងក្រោយនៃជីវិតរបស់ខ្ញុំ ដូច្នេះខ្ញុំគួរតែចំណាយវាឱ្យបានត្រឹមត្រូវបំផុត។”។
នៅពេលត្រូវបានអ្នកសម្ភាសន៍សួរថា តើគាត់នឹកគ្រាដែលធ្លាប់ធ្វើជាមហាសេដ្ឋីឬអត់? លោក Gates បានសើច និងតបទៅវិញថា “អត់ទេ ខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំនៅមានជីវិតរហូតដល់គម្រោងការបរិច្ចាគរយៈពេល 20 ឆ្នាំទៀតត្រូវបានបញ្ចប់ ប៉ុន្តែខ្ញុំនឹងសន្សំប្រាក់បន្តិចបន្តួចខ្លះដែរ ដើម្បីអាចទិញហេមប៊ឺហ្គឺញាំតាមដែលខ្ញុំត្រូវការ”៕










