ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសជប៉ុនបារម្ភពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរក្រោយអ្នកស្រាវជ្រាវជប៉ុនរកឃើញកោះតូចៗចំនួន២ នៅបរិវេណប្រជុំកោះថូខារ៉ាក់ ភាគនិរតីប្រទេសជប៉ុន បានបម្លាស់ទី និងញែកពីគ្នាប្រវែង១០សង់ទីម៉ែត្រ ក្នុងរយៈពេលត្រឹម៣ថ្ងៃ ។ ការបម្លាស់ទីរបស់កោះទាំង២ កើតឡើងស្របពេលជប៉ុនមានគ្រោះរញ្ជួយដីខ្លាំងជាបន្តបន្ទាប់ជាច្រើនថ្ងៃ សរុបជាង១,៧០០លើក ។
សាស្ត្រាចារ្យសាកលវិទ្យាល័យ Tohoku លោក អូតាក់ យូសាកុ បានប្រើប្រាស់ទិន្នន័យពីចំណុចសង្កេតរបស់ការិយាល័យភូមិសាស្ត្រជប៉ុន និងអង់តែងទូរស័ព្ទដៃវិភាគពីការបម្លាស់ទីរបស់សំបកផែនដីឃើញថា រយៈពេល៣ថ្ងៃ កោះនៅភាគនិរតី រួមមាន ៖ កោះខូដាខារ៉ាជិម៉ាក បានបម្លាស់ទីទៅភាគខាងជើង និងភាគពាយ័ព្យ ប្រវែង៥សង់ទីម៉ែត្រ ព្រមទាំងកោះថាខារ៉ាជិម៉ាក បម្លាស់ទីទៅភាគខាងត្បូង ប្រវែងពី៣សង់ទីម៉ែត្រ ទៅ៥សង់ទីម៉ែត្រ ។ ការបម្លាស់ទីរបស់កោះទាំង២ ក្រោយពីជប៉ុនកើតគ្រោះរញ្ជួយដីកម្រិត៥.៦រិចទ័រ តាំងពីថ្ងៃទី២ ខែកក្កដា កន្លងមក ។
អ្វីគួរឱ្យចាប់អារម្មណ៍ គឺកាលពីមុន កោះទាំង២បានបម្លាស់ទីទៅទិសខាងជើង និងឦសាន ប៉ុន្តែក្រោយពីគ្រោះរញ្ជួយដីលើកនេះ កោះថាខារ៉ាជិម៉ាក បែរជាបម្លាស់ទីទៅភាគខាងត្បូង ។ កោះបម្លាស់ទីទៅភាគខាងត្បូងបែបនេះពុំធ្លាប់កើតឡើងពីមុនទេ មានន័យថា កោះទាំង២ កំពុងបម្លាស់ទីញែកចេញពីគ្នា ជំនួសឱ្យការបម្លាស់ទីទៅទិសដៅតែមួយដូចមុន ។.png)
សាស្ត្រាចារ្យសាកលវិទ្យាល័យ Tohoku បញ្ជាក់ថា ការបម្លាស់ទីរបស់កោះអាចពុំកើតឡើងដោយសារគ្រោះរញ្ជួយដីកម្រិត៥.៦រិចទ័រទេ បើគិតពីទំហំគ្រោះរញ្ជួយដី ព្រមទាំងចម្ងាយរវាងចំណុចកណ្តាលនៃគ្រោះរញ្ជួយដី និងទីតាំងកោះ ។ មូលហេតុនៃការបម្លាស់ទី និងញែកពីគ្នារបស់កោះ ដោយសារវត្ថុរាវក្នុងដី ដូចជា ៖ ម៉េកម៉ា បានជ្រាបចូលសំបកផែនដី ហើយធ្វើឱ្យសំបកផែនដីរីក រួមទាំងចលនាយឺតៗនៃចំណុចរាក់លើទ្វីប ។.png)
លោកសាស្ត្រាចារ្យ អូតាក់ យូសាកុ ពុំជ្រាបថា ការធ្វើចលនានៃសំបកផែនដីលើកនេះនឹងឈានទៅកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរដែរឬទេ ប៉ុន្តែលោកនឹងស្រាវជ្រាវទិន្នន័យចាស់ និងព្យាយាមស្វែងរកមូលហេតុពិតប្រាកដដែលធ្វើឱ្យកោះបម្លាស់ទីញែកចេញពីគ្នា ។ វាជាបាតុភូតពុំធ្លាប់កើតឡើងពីមុនមក ដែលអ្នកវិទ្យាសាស្ត្រព្យាយាមឈ្វេងយល់ពីមូលហេតុពិតប្រាកដ រួមទាំងវាយតម្លៃផលប៉ះពាល់អាចកើតឡើងនាថ្ងៃអនាគត ៕










