រដ្ឋសហព័ន្ធរុស្ស៊ីនឹងបញ្ជូនប្រតិភូរកងការពារដែនអាកាសមកទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីមួយរវាងកងទ័ពប្រទេសទាំងពីរ និងជួយកម្ពុជាក្នុងការពង្រឹងខែលការពារអាកាស ស្របពេលមានភាពតានតឹងជាមួយថៃ។ ដំណើរទស្សនកិច្ចនេះអាចធ្វើឡើងនៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់អនុព័ន្ធយោធារុស្ស៊ីប្រចាំកម្ពុជាលោក Ivan Stadchenko នៅព្រឹកថ្ងៃទី១០ ខែកក្កដា នេះ។

បើតាមការលើកឡើងរបស់លោក Ivan Stadchenko កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នៅក្នុងសន្និសីទសារព័ត៌មានអំពីគោលនយោបាយការបរទេសរុស្ស៊ីនៅស្ថានទូតរុស្ស៊ី បានឲ្យដឹងថា៖ បច្ចុប្បន្នកម្ពុជានិងរុស្ស៊ីមានកិច្ចសហប្រតិបត្តិការណ៍កងទ័ពជើងគោករួចហើយ និងសម្លឹងទៅរកកិច្ចសហប្រតិបត្តិការណ៍ផ្សេងទៀតដូចជាការការពារដែនអាកាសជាដើម ដោយលោកសង្ឃឹមថានឹងទទួលបានលទ្ធផលវិជ្ជមានបន្ទាប់ពីដំណើរទស្សនកិច្ចនាពេលខាងមុខ។ 
លោក Ivan បានឲ្យដឹងបន្ថែមទៀតថា៖ «នេះជាដំណើរទស្សនកិច្ចជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដូច្នេះនេះជាដំណើរការនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។ ខ្ញុំអត់ទាន់អាចនិយាយពីលទ្ធផលបានទេ តែលោកអ្នកដឹងច្បាស់ហើយថាប្រព័ន្ធការពារអាកាសនេះគឺជាអ្វី? នេះគឺជាកិច្ចចាប់ផ្ដើមអន្តរកម្មរបស់យើងក្នុងវិស័យនេះ»។
គួរឲ្យដឹងថា ការបញ្ជូនកងការពារដែនអាកាសមកក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាពេលនេះ ស្របពេលដែលកម្ពុជានិងថៃកំពុងមានបញ្ហាព្រំដែន ហើយកម្ពុជាបានលើកឡើងពីប្រសិទ្ធភាព និងពង្រឹងខែលការពារអាកាសរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក Anatoly Borovik បញ្ជាក់ថារុស្ស៊ីមិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយទេ ដោយលោកសង្ឃឹមថាប្រទេសទាំងពីរនឹងរកបាននូវដំណោះស្រាយសន្ដិភាពចំពោះបញ្ហានេះ។
សូមជម្រាបថា រុស្ស៊ី ដែលជាអតីតសហភាពសូវៀត ជាប្រទេសមួយដែលគាំទ្រដល់កម្ពុជាតាំងពីការដួលរលំទៅនៃរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩មកម្លេះ។ សម្ភារៈសឹកសង្គ្រាមជាច្រើនដែលជារបស់សហភាពសូវៀត និងរុស្ស៊ីនៅតែមានចំនួនច្រើនក្នុងយោធាកម្ពុជា ដោយបែបនេះហើយទើប អនុព័ន្ធយោធារុស្ស៊ីបានឱ្យដឹងក្នុងសន្នីសិទសារព័ត៌មានព្រឹកនេះថា រុស្ស៊ីរីករាយក្នុងការជួយធ្វើទំនើបកម្មអាវុធកម្ពុជាឱ្យកាន់តែទំនើបនៅពេលដែលមានសំណើរពីកម្ពុជា៕










