វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមា.នពាក់ព័ន្ធនឹងអត្រាពន្ធថ្មីថា ប្រទេសណាដែលអនុវត្តគោលនយោបាយ ឬស្របតាមគោលការណ៍របស់ BRICS ដែលប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក នឹងត្រូវទទួលពន្ធបន្ថែម 10% ពីលើពន្ធដែលបានកំណត់រួច។
យោងតាមសារព័តមាន BBC នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ ២០២៥ បានឲ្យដឹងថា លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ប្រទេសណាមួយដែលសម្របខ្លួនជាមួយនឹងគោលនយោបាយប្រឆាំងអាមេរិករបស់ BRICS នឹងត្រូវបានគិតពន្ធបន្ថែម 10% ។ វានឹងមិនមានការលើកលែងចំពោះគោលនយោបាយនេះដាច់ខាត” ។
.jpg)
គួរជម្រាបថា BRICS គឺជាប្លុកប្រទេសដែលមានស្ថាបនិកដូចជា ប្រទេសប្រេហ្ស៊ីល, ប្រទេសរុស្ស៊ី, ប្រទេសឥណ្ឌា, ប្រទេសចិន និងអាហ្រ្វិកខាងត្បូង រួមទាំងសមាជិកដទៃផ្សេងទៀតរួមមាន៖ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ ដែលបានពួតដៃគ្នាបង្កើតជាវេទិកាសម្របសម្រួលនយោបាយ និងការទូតសម្រាប់បណ្ដាប្រទេសមកពីតំបន់លោកខាងត្បូង (Global South)។

លោក Trump បានរិះគន់អង្គការ BRICS ជាយូរយារមកហើយ ជាពិសេសទៅលើសមាជិកអង្គការរួមមាន ចិន រុស្ស៊ី និងឥណ្ឌា ដែលតែងព្យាយាមបង្កើតគោលនយោបាយប្រឆាំងនឹងសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានដាក់កាលកំណត់ត្រឹមថ្ងៃទី 9 ខែកក្កដា សម្រាប់ប្រទេសនានាដែលបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក និងបញ្ជាក់ថាពន្ធថ្មីដែលបានកំណត់នឹងចូលជាធរមានចាប់ពីថ្ងៃទី 1 ខែសីហា តទៅ។ លោក Trump បាននិយាយថាលោកនឹងដាក់លិខិតទៅកាន់ប្រទេសទាំងនោះ ហើយប្រាប់ពួកគេថាតើអត្រាពន្ធនឹងទៅជាយ៉ាងណា ប្រសិនបើកិច្ចព្រមព្រៀងរវាងប្រទេសពួកគេនិងអាមេរិកមិនត្រូវបានសម្រេច។
គួររំលឹកផងដែរថា ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំនេះមក លោក Donald Trump បានប្រកាសពន្ធនាំចូលអាមេរិកជាបន្តបន្ទាប់លើទំនិញពីប្រទេសផ្សេងៗ ដោយលើកហេតុផលថា ពួកគេនឹងជំរុញការផលិតក្នុងស្រុក និងការពារការងារពលរដ្ឋរបស់អាមេរិក ៕










