ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា នាយកដ្ឋានការងារថៃនឹងអនុញ្ញាតឱ្យពលករខ្មែរ ចំនួន៤ម៉ឺន៧ពាន់នាក់ ដែលមានលិខិតធ្វើការអស់សុពលភាពអាចធ្វើការនៅប្រទេសថៃបន្តទៀតជាបណ្តោះអាសន្នរហូតដល់ព្រំដែនបើកឡើងវិញ ។ នាយកដ្ឋានការងារត្រៀមស្នើទៅគណៈរដ្ឋមន្ត្រីពិចារណាឱ្យពលរដ្ឋខ្មែរស្នាក់នៅបន្ត ហើយពេលព្រំដែនកម្ពុជា-ថៃបើកដំណើរការប្រក្រតី គឺពលករខ្មែរត្រូវធ្វើដំណើរចាកចេញពីប្រទេសថៃក្នុងរយៈពេល៧ថ្ងៃដើម្បីធ្វើឯកសារ ។.jpg)
កាលពីថ្ងៃទី៥ ខែកក្កដា អគ្គនាយកនៃនាយកដ្ឋានការងារ លោក ស៊ុមឆាយ មរកតស៊ីវ៉ាន់ ឱ្យដឹងថា ក្រោយពីបានប្រជុំពិភាក្សាជាមួយអ្នកតំណាងភ្នាក់ងារសន្តិសុខ រួមមាន ៖ កងទ័ពជើងគោក កងទ័ពជើងទឹក ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ភ្នាក់ងាររក្សាសន្តិសុខផ្ទៃក្នុង និងការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិ ស្តីពីពលករខ្មែរនៅតាមព្រំដែនដែលកាន់ប័ណ្ណព្រំដែន (Border Pass) ពួកគេជួបការលំបាកយ៉ាងខ្លាំងពុំអាចឆ្លងដែនដោយសារវិធានការបិទព្រំដែន ។ នាយកដ្ឋានការងារបានទទួលដំណឹងពីខេត្តជាប់ព្រំដែនកម្ពុជាថា ពលករខ្មែរលំបាករឿងធ្វើឯកសារ ហើយសំណូមពរឱ្យប្រញាប់ដោះស្រាយបញ្ហានេះ ។

កិច្ចប្រជុំក៏សម្រេចឯកភាពឱ្យពលករខ្មែរអាចស្នាក់នៅ និងធ្វើការនៅប្រទេសថៃបន្តទៀត ប៉ុន្តែពលករត្រូវតែទៅបង្ហាញខ្លួននៅការិយាល័យអន្តោប្រវេសន៍ថៃ រៀងរាល់៣០ថ្ងៃ ។ នេះគ្រាន់តែជាវិធានការបណ្តោះអាសន្នដែលនាយកដ្ឋានការងារអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅថៃក្នុងករណីពិសេស រហូតដល់ព្រំដែនបើកឡើងវិញ ហើយពេលព្រំដែនបើកប្រក្រតី គឺពលករខ្មែរត្រូវធ្វើដំណើរចាកចេញពីប្រទេសថៃក្នុងរយៈពេល៧ថ្ងៃដើម្បីធ្វើឯកសារ ។

នាយកដ្ឋានការងារនឹងបញ្ជូនសំណើនេះទៅគណៈកម្មការគោលនយោបាយគ្រប់គ្រងពលករបរទេសដើម្បីពិចារណាអនុម័ត រួចហើយបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិចារណាយ៉ាងឆាប់បំផុត បច្ចុប្បន្ន ភ្នាក់ងារសន្តិសុខនឹងគ្រប់គ្រង រួមទាំងរក្សាសណ្តាប់ធ្នាប់ ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុមឆាយ អគ្គនាយកនៃនាយកដ្ឋានការងារ ។
លោក ស៊ុមឆាយ បន្តថា ថៅកែថៃនៅតែត្រូវការពលករខ្មែរឱ្យធ្វើការក្នុងផ្នែកកសិកម្ម រហូតដល់ដំណាច់ឆ្នាំ២០២៥ ជាពិសេស ការងារបេះផ្លែឈើតាមរដូវកាល ដូចជា ៖ បេះផ្លែមៀន ទុរេន និងមង្ឃុត ។ តាមធម្មតា លិខិតអនុញ្ញាតការងាររបស់ពលករខ្មែរមានរយៈពេល៩០ថ្ងៃ ហើយពលករក្រុមនេះមានចំនួនប្រមាណ៤ម៉ឺន៧ពាន់នាក់ ក្នុងនោះពលករចាប់ពី៧ពាន់នាក់ ទៅ៨ពាន់នាក់ នឹងជិតអស់សុពលភាពលិខិតអនុញ្ញាតការងារ ។ យើងនឹងមានវិធានការបន្ធូរបន្ថយដើម្បីឱ្យពួកគេអាចស្នាក់នៅ និងធ្វើការនៅថៃបណ្តោះអាសន្នរយៈពេលខ្លីៗ រហូតដល់ព្រំដែនកម្ពុជា-ថៃបើកឡើងវិញ ៕










